សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បើកវគ្គបណ្តុះ បណ្តាល បំពាក់ឯកសណ្ឋានដល់ទីប្រឹក្សាយុវជន

សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន និងបំពាក់ឯកសណ្ឋានដល់ទីប្រឹក្សាយុវជន និង យុវជនកាកបាទក្រហមកម្ពុជាទើបជ្រើសរើសថ្មីនៃវិទ្យាល័យ វីរៈជ័យ នៃស្រុកវើនសៃ ចំនួន ២៦នាក់ ស្រី ១៥នាក់ ដោយបានកាអញ្ជើញចូលរួមជាគណៈអធិបតីពី លោក ហេង សាវឿន អភិបាល នៃគណៈអភិបាលស្រុកវើនសៃ  លោកឌឹម ណាត នាយកសាខា កក្រក.ខេត្តរតនគិរី និងលោក ភោគ សុផាន់ណា នាយកវិទ្យាល័យ វីរៈជ័យ។
 
ក្នុងឱកាសនោះដែរ បន្ទាប់ពីមិតស្វាគមន៍ របស់លោក ភោគ សុផាន់ណា លោក ឌឹម ណាត នាយកសាខា បានមានមតិសំណេះសំណាលផ្តាំផ្ញើជាមួយប្អូនៗ និងបានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណ:កម្មាធិការសាខា ដោយក្តីស្រលាញ់ និងក្តីនឹករលឹក ជូនដល់ប្អូនៗយុវជនកាកបាទក្រហមទាំងអស់ ដែលតែងតែលះបង់ពេលវេលាដ៏មានតម្លៃពីការសិក្សាចូលរួមចំណែកបំរើសកម្មភាពការងារមនុស្សធម៌កន្លងមកដោយស្ម័គ្រចិត្តមិនគិតពីការនឿយហត់។ លោកនាយកក៏មានមតិផ្តាំផ្ញើថា បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះទៅប្អូនៗ នឹងក្លាយជាគ្រួសារកាកបាទក្រហម ជាអ្នកជួយការពារផលប្រយោជន៍កាកបាទក្រហម ពិសេសអាចចូលរួមគ្រប់សកម្មភាពការងារមនុស្សធម៌ ក្នុងវិស័យអាទិភាពទាំងបួនរបស់កាកបាទក្រហម រួមមានៈ ការឆ្លើយតបគ្រោះមហន្តរាយ វិបត្តភ័យ និង បម្រែបម្រួលអាកាសធាតុ, ការងាសុខភាព និងការថែទាំសុខភាពសហគមន៍, ការងារលើកកម្ពស់គោលការណ៍គ្រឹះ និងតំលៃមនុស្សធ៌ម, និងការងារអភិវឌ្ឍន៍ស្ថាប័ន និងធនធាន។
 
មានមតិសំណេះសំណាលបើកវគ្គនាឱកាសនោះ ហេង សាវឿន អភិបាល នៃគណៈអភិបាលស្រុកវើនសៃ  បានផ្តាំផ្ញើដល់ប្អូនៗអោយប្រឹងប្រែង យកចិត្តទុកដាក់ ចូលរួមអោយបានគ្រប់ៗគ្នានៅក្នុងវគ្គយល់ដឹង ជាមូលដ្ឋានដែលមានរយៈពេល១ថ្ងៃពេញនេះ ប្អូនៗនឹងបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម ការងារគ្រប់គ្រង និងការពង្រឹងពង្រីកកម្លាំងយុវជន អ្នកស្ម័គ្រចិត្ត កក្រក នឹងបានស្គាល់ពីកាកបាទក្រហមកាន់តែច្បាស់ រចនាសម្ព័ន្ធកាកបាទក្រហមពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន ។ ហើយសូមអោយប្អូនៗទាំងអស់គ្នា ដែលបានស្ម័គ្រ ចិត្តចូលរួមជាយុវជនកាកបាទក្រហមនាពេលនេះ សូមប្រែក្លាយជាភ្នាក់ងារនៃការផ្លាស់ប្តូរជាវិជ្ជមាន នាំគ្នាចូលរួមធ្វើសកម្មភាពការងារសង្គម ការងារមនុស្សធម៌ឱ្យបានច្រើនជាងមុន  ឱ្យកាន់តែស៊ីជម្រៅ និង ទៅឱ្យបានកាន់តែឆ្ងាយជាមុន ពិសេសសូមកុំភ្លេចចូលរួមគោរពច្បាប់ចរាចរណ៍ ចូលរួមថែរក្សាអនាម័យមូលដ្ឋាន និងក្នុងសាលារៀន នៅអោយឆ្ងាយពីគ្រឿងញៀន និងបន្តទប់ស្កាត់ជំងឺកូវីដ-១៩ ចូលរួមចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជម្រុញ ឲ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង អាចការពារអាយុជីវិតរបស់យើងបាន ធ្វើឲ្យយើងអាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងអាចស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។  
 
គួរញ្ជាក់ផងដែរថា វគ្កបណ្តុះបណ្តាលជាមូលដ្ឋាននេះ ដំណើរការយៈពេល១ ថ្ងៃ និងបានលើកយកមេរៀនសំខាន់ៗមកបង្ហាត់បង្ហាញ និងអនុវត្តផ្ទាល់ រួមមាន ៖
១.តួនាទី និងភារកិច្ចទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា
២.ប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា
៣.វិជ្ជាសង្គ្រោះបឋម ។