សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បើកវគ្គ បណ្តុះបណ្តាល មូលដ្ឋាន នៅវិទ្យាល័យបាក់ទូក
សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ជូនដល់ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សចំនួន១០០នាក់ (ស្រី៨០នាក់) នៅវិទ្យាល័យបាក់ទូក ក្រោមអធិបតីភាព លោកសោម ចន្ត្រា នាយករងសាខា ។
មានប្រសាសន៍នាឱកាសនេះក្នុងនាម ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក សោម ចន្ត្រា បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកគ្រូ អ្នកគ្រូទីប្រឹក្សា ក្មួយៗយុវជន និងសិស្សានុសិស្សទាំងអស់ ប្រកបដោយសេចក្តីនឹករលឹក ។ លោកនាយករងសាខា សូមសម្តែងនូវការកោតសរសើរវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបញ្ចប់វគ្គនាថ្ងៃនេះ របស់ក្មួយៗទាំងអស់ ក្នុងការក្លាយខ្លួនជាយុវជនកាកបាទក្រហមកម្ពុជា ពេញលក្ខណៈ សំដៅដើរតួជាយុវជនគំរូ ឈានមុខ ទាំងការងារជួយសង្គ្រោះ ការងារផ្សព្វផ្សាយបន្ត និងការងារមិត្តអប់រំមិត្ត ក្នុងការរួមគ្នាលើកកម្ពស់កំលាំងមនុស្សធម៌ឱ្យបានកាន់តែសកម្មខ្លាំងក្លាថែមទៀត។
សូមបញ្ជាក់ថា៖ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលមានឯកឧត្តម ឃួង ស្រេង ជាប្រធានគណៈកម្មាធិការសាខា បានបើក និងបន្តបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាននេះ ជូនដល់តាមសាលាទាំង៣៩ក្នុងរាជធានីភ្នំពេញ ដោយមានគោលបំណងដើម្បីពង្រឹង និងពង្រីកកម្លាំងមនុស្សធម៌ ក្នុងនោះឱ្យយុវជនកាកបាទក្រហមយើង បានយល់ដឹងស៊ីជម្រៅពីចលនាកាកបាទក្រហម តួនាទីភារកិច្ចរបស់ខ្លួន និងវិជ្ជាសង្គ្រោះបឋម ដែលជាមុខវិជ្ជាមួយអាចជួយសង្គ្រោះ ឫកាត់បន្ថយការឈឺចាប់របស់ជនរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗបាន មុនឡានពេទ្យ ឫក្រុមគ្រូពេទ្យមកដល់ ជាពិសេសការសង្គ្រោះក្នុងបរិបទជំងឺកូវីដ១៩ ៕