សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បើកវគ្គបណ្តុះ បណ្តាល ស្តីពី ប្រវត្តិចលនាកាកបាទក្រហម
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋានស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះទាំង៧ គោលនយោបាយយុវជនកាកបាទក្រហម ច្បាប់ចរាចរណ៍ផ្លូវគោក និងវិជ្ជាសង្គ្រោះបឋម ដល់យុវជនកាកបាទក្រហមកម្ពុជាទើបជ្រើសរើសថ្មីប្រចាំវិទ្យាល័យវត្តអង្គរជ័យ ក្រោមអធិបតីភាពលោកស្រី ជា វណ្ណឌឿន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរជ័យ និងលោកស្រី ឡាយ សុភ័ក្ត្រ នាយិការងសាខា ដែលមានការចូលរួមសហការពីមន្ត្រីមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត ទីប្រឹក្សាយុវជន និងមានយុវជនកាកបាទក្រហមកម្ពុជា ចូលរួមសរុបប្រមាណ១០១នាក់ (ស្រី៥៩នាក់) វគ្គនេះរៀបចំធ្វើឡើងនៅវិទ្យាល័យវត្តអង្គរជ័យ ស្ថិតក្នុងស្រុកអង្គរជ័យ ខេត្តកំពត។
នាឱកាសនោះលោកស្រីប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករឮក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្មួយៗយុវជនដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមក្នុងវគ្គនេះ ហើយខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីទទួលយកនូវចំណេះដឹងថ្មីបន្ថែមទៀត ក្នុងការចូលរួមចំណែកលើវិស័យមនុស្សធម៌ដើម្បីជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះស្របតាមគោលការណ៍គ្រឹះទាំង៧របស់ចលនា និងសូមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ និងទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់គ្នា ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ។
មេរៀនលើកយកមកបង្ហាញរួមមាន ៖
១- ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម
២- គោលការណ៍គ្រឹះទាំង៧ប្រការ
៣- ការប្រើប្រាស់បដិរូប
៤- គោលនយោបាយ និងតួនាទីយុវជនកាកបាទក្រហម
៥- វិជ្ជាសង្គ្រោះបឋម
៦- សុវត្ថិភាពចរាចរណ៍
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីពង្រឹងនិងពង្រីកសមត្ថភាពដល់យុវជនកាកបាទក្រហមកម្ពុជាបានយល់ដឹងពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះទាំង៧ គោលនយោបាយយុវជនកាកបាទក្រហម ច្បាប់ចរាចរណ៍ផ្លូវគោក និងវិជ្ជាសង្គ្រោះបឋម ដើម្បីចូលរួមក្នុងសកម្មភាពការងារមនុស្សធម៌និងធ្វើការផ្សព្វផ្សាយបន្តទៅដល់សាលារៀន មិត្តភក្តិ និងសហគមន៍រៀងៗខ្លួនផងដែរ៕