ទីប្រឹក្សា និងយុវជន កាកបាទក្រហមកម្ពុជា ជ្រើសរើសថ្មី ចំនួន៥២នាក់ ទទួលវគ្គបណ្តុះបណ្តាល
ដើម្បីពង្រឹង និងពង្រីកវិសាលភាពការងារមនុស្សធម៌នៅក្នុងសង្គម ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណ:កម្មាធិការសាខា បានចាត់ឱ្យ លោក រស់ សុខន នាយករងសាខា សហការជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ រៀបចំពិធីបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋានស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋម ដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជាទើបជ្រើសរើសថ្មី ប្រចាំវិទ្យាល័យចំនួន៥២នាក់ ក្នុងនោះទីប្រឹក្សាយុវជន២នាក់ និងយុវជន៥០ (ស្រី២៥នាក់) និងបានប្រគល់ឃីតសង្រ្គោះបឋមចំនួន១ឃីត នៅឯវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន មេមត់ ដែលស្ថិតក្នុងភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
មេរៀនលើកយកមកបង្ហាញរួមមាន ៖
១- ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម
២- គោលការណ៍គ្រឹះទាំង៧ប្រការ
៣- ការប្រើប្រាស់បដិរូប
៤- គោលនយោបាយ និងតួនាទីយុវជនកាកបាទក្រហម
៥- វិជ្ជាសង្គ្រោះបឋម
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ចង់ឱ្យទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់គ្នាបានយល់ដឹងពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះទាំង៧ និងគោលនយោបាយយុវជនកាកបាទក្រហម ច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងវិជ្ជាសង្គ្រោះបឋម ដើម្បីចូលរួមក្នុងសកម្មភាពការងារមនុស្សធម៌និងធ្វើការផ្សព្វផ្សាយបន្តទៅដល់ មិត្តភក្តិ និងសហគមន៍រៀងៗខ្លួន ជាពិសេសត្រូវនាំគ្នាចៀសចាកឆ្ងាយពីអំពើអបាយមុខនានាដែលប្រាសចាកជាមួយច្បាប់សង្គមដូចជាការប្រើប្រាស់គ្រឿងញៀនជាដើម។ល។