ក្រុមកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត នៃឃុំចំនួន២ ទទួលការបណ្ដុះបណ្ដាលគោលការណ៍គ្រឹះ
ក្រុមកាកបាទក្រហមកម្ពុជាឃុំ១០នាក់ និងអ្នកស្ម័គ្រចិត្តចំនួន២៤នាក់ នៃឃុំចំនួន២ នៅក្នុងស្រុកក្រូចឆ្មារ បានទទួលការបណ្ដុះបណ្ដាលគោលការណ៍គ្រឹះ និងវិជ្ជាសង្រ្គោះបឋមពីសាខាកាកបាទ ក្រហមកម្ពុជាខេត្តត្បូងឃ្មុំ។
លោក ហ៊ឹម ហ៊ុន នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមគ្រូបង្គោលរបស់សាខា ចុះទៅបើកវគ្គជាមូលដ្ឋានដល់ក្រុម កក្រក ឃុំ ចំនួន២ឃុំ មានមូលដ្ឋានឃុំក្រូចឆ្មារ(ក្រុម កក្រក ៦នាក់/ស្រី១នាក់ និងអ្នកស្ម័គ្រចិត្តភូមិ១២នាក់/ស្រី៦នាក់) និងឃុំស្វាយឃ្លាំង(ក្រុម កក្រក ៥នាក់/ស្រី២នាក់ និងអ្នកស្ម័គ្រចិត្តភូមិ១២នាក់/ស្រី៦នាក់) នៅសាលាស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
នៅក្នុងឱកាសនោះដែរ លោកនាយករងបានលើកឡើងថា ការបើកវគ្គនាពេលនេះគោលបំណងដើម្បីពង្រឹង និងពង្រីកសមត្ថភាពរបស់ក្រុមការងារឃុំ ឱ្យបានកាន់តែប្រសើរ ទៅតាមគោលការណ៍នយោបាយរបស់កាកបាទក្រហមកម្ពុជា ដែលក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្ត ឱ្យបានកាន់តែយល់ច្បាស់ពីតម្លៃរបស់គោលការណ៍គ្រឹះទាំង៧នៃចលនាដែលត្រូវនាំគ្នាអនុវត្តទាំងអស់គ្នានៅក្នុងមូលដ្ឋាននីមួយៗ។ មិនតែប៉ុណ្ណោះនៅក្នុងវគ្គនេះទៀតសោតក៏មានបន្ថែមនូវវិជ្ជាសង្គ្រោះបឋម ដែលជាវិជ្ជាមួយដ៏មានសារសំខាន់សម្រាប់ក្នុងគ្រួសារនីមួយៗត្រូវតែចេះប្រើប្រាស់ និងយល់ពីកិច្ចការនេះ ព្រោះវាជាវិជ្ជាមួយដែលអាចជួយកាត់បន្ថយភាពងាយរងគ្រោះដល់អាយុជិវិតឬចំណាយផ្សេងៗបាននៅក្នុងបរិបទកូវីដ១៩ នេះ។ ជាមួយគ្នានោះដែរ លោកក៏បានធ្វើការផ្តាំផ្ញើដល់ការងាររបស់កាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តទាំងអស់គ្នាថា ទោះបីជានៅក្នុងមូលដ្ឋានបានចាក់វ៉ាក់សាំងជម្រុញហើយក្តី ក៏ត្រូវខិតខំចូលរួមអនុវត្ត និងផ្សព្វផ្សាយបន្តនូវ ៣ការពារ ៣កុំទៅតាមការអប់រំណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំដើម្បីចូលរួមការពារ ទប់ស្កាត់មេរោគកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា៕