ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្ត ៤២នាក់ នៃឃុំចំនួន២ ទទួលការបណ្ដុះបណ្ដាល ផ្សព្វផ្សាយ

ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្ត សរុបចំនួន៤២នាក់ នៃឃុំចំនួន២ នៅក្នុងស្រុកក្រូចឆ្មារ បានទទួលការបណ្ដុះបណ្ដាលគោលការណ៍គ្រឹះ និងវិជ្ជាសង្រ្គោះបឋមពីសាខាកាកបាទ ក្រហមកម្ពុជាខេត្តត្បូងឃ្មុំ
 
សាខា កក្រក ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២ លោក ហ៊ឹម ហ៊ុន នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមគ្រូបង្គោលរបស់សាខា ចុះទៅបើកវគ្គជាមូលដ្ឋានដល់ក្រុម កក្រក ឃុំ ចំនួន២ឃុំ មានមូលដ្ឋានឃុំកំពង់ទ្រាស(ក្រុម កក្រក ៧នាក់/ស្រី៣នាក់ និងអ្នកស្ម័គ្រចិត្តភូមិ១៧នាក់/ស្រី៦នាក់) និងឃុំកោះពីរ(ក្រុម កក្រក ៥នាក់/ស្រី១នាក់ និងអ្នកស្ម័គ្រចិត្តភូមិ១៣នាក់/ស្រី៤នាក់) នៅសាលាឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
 
នៅក្នុងឱកាសនោះដែរ លោកនាយករងបានលើកឡើងថា ការបើកវគ្គនាពេលនេះគោលបំណងដើម្បីពង្រឹង និងពង្រីកសមត្ថភាពរបស់ក្រុមការងារឃុំ ឱ្យបានកាន់តែប្រសើរ ទៅតាមគោលការណ៍នយោបាយរបស់កាកបាទក្រហមកម្ពុជា ដែលក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្ត ឱ្យបានកាន់តែយល់ច្បាស់ពីតម្លៃរបស់គោលការណ៍គ្រឹះទាំង៧នៃចលនាដែលត្រូវនាំគ្នាអនុវត្តទាំងអស់គ្នានៅក្នុងមូលដ្ឋាននីមួយៗ។ មិនតែប៉ុណ្ណោះនៅក្នុងវគ្គនេះទៀតសោតក៏មានបន្ថែមនូវវិជ្ជាសង្គ្រោះបឋម ដែលជាវិជ្ជាមួយដ៏មានសារសំខាន់សម្រាប់ក្នុងគ្រួសារនីមួយៗត្រូវតែចេះប្រើប្រាស់ និងយល់ពីកិច្ចការនេះ ព្រោះវាជាវិជ្ជាមួយដែលអាចជួយកាត់បន្ថយភាពងាយរងគ្រោះដល់អាយុជិវិតឬចំណាយផ្សេងៗបាននៅក្នុងបរិបទកូវីដ១៩ នេះ។ ជាមួយគ្នានោះដែរ លោកក៏បានធ្វើការផ្តាំផ្ញើដល់ការងាររបស់កាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តទាំងអស់គ្នាថា ទោះបីជានៅក្នុងមូលដ្ឋានបានចាក់វ៉ាក់សាំងជម្រុញហើយក្តី  ក៏ត្រូវខិតខំចូលរួមអនុវត្ត និងផ្សព្វផ្សាយបន្តនូវ ៣ការពារ ៣កុំទៅតាមការអប់រំណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំដើម្បីចូលរួមការពារ ទប់ស្កាត់មេរោគកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា៕