សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បើកវគ្គបណ្តុះ បណ្តាលផ្សព្វផ្សាយ ប្រវត្តិចលនាកាកបាទក្រហម

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បើកវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយមូលដ្ឋាន នៅវិទ្យាល័យ ហ៊ុនសែន ត្រសេកកោង ស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះទាំង៧ គោលនយោបាយយុវជនកាកបាទក្រហម ច្បាប់ចរាចរណ៍ផ្លូវគោក និងវិជ្ជាសង្គ្រោះបឋម  ដល់យុវជនកាកបាទក្រហមកម្ពុជាទើបជ្រើសរើសថ្មីប្រចាំវិទ្យាល័យហ៊ុនសែនត្រសេកកោង  ក្រោមអធិបតីភាពលោក មុំ ក្រឹង នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត  និងមានការចូលរួមសហការពីមន្ត្រីមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត ទីប្រឹក្សាយុវជន និងមានយុវជនកាកបាទក្រហមកម្ពុជា ចូលរួមសរុបប្រមាណ៥០នាក់ (ស្រី៣៤នាក់)។
នាឱកាសនោះលោកនាយកប្រតិបត្តិសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករឮក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្មួយៗយុវជនទាំងអស់បានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមក្នុងវគ្គនេះ ហើយខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីទទួលយកនូវចំណេះដឹងថ្មីបន្ថែមទៀត ក្នុងការចូលរួមចំណែកលើវិស័យមនុស្សធម៌ដើម្បីជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ស្របតាមគោលការណ៍គ្រឹះទាំង៧របស់ចលនា និងបានផ្តាំផ្ញើដល់ក្មួយៗយុវជនខិតខំសិក្សារៀនសូត្រឲ្យក្លាយខ្លួនទៅជាកូនល្អប្រចាំគ្រួសារ សិស្សល្អប្រចាំសាលា និងពលរដ្ឋល្អរបស់សង្គមជាតិ និងគោរពច្បាប់ចរាចរណ៍ សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងបន្តអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ និងទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់គ្នា ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ។
មេរៀនលើកយកមកបង្ហាញរួមមាន ៖
១- ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម
២- គោលការណ៍គ្រឹះទាំង៧ប្រការ
៣- ការប្រើប្រាស់បដិរូប
៤- គោលនយោបាយ និងតួនាទីយុវជនកាកបាទក្រហម
៥- វិជ្ជាសង្គ្រោះបឋម
៦- សុវត្ថិភាពចរាចរណ៍
៧- ការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិត
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីពង្រឹងនិងពង្រីកសមត្ថភាពដល់យុវជនកាកបាទក្រហមកម្ពុជាបានយល់ដឹងពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះទាំង៧ គោលនយោបាយយុវជនកាកបាទក្រហម ច្បាប់ចរាចរណ៍ផ្លូវគោក និងវិជ្ជាសង្គ្រោះបឋម ដើម្បីចូលរួមក្នុងសកម្មភាពការងារមនុស្សធម៌និងធ្វើការផ្សព្វផ្សាយបន្តទៅដល់សាលារៀន មិត្តភក្តិ និងសហគមន៍រៀងៗខ្លួនផងដែរ៕