ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តស្ទឹងត្រែង បំពាក់ឯកសណ្ឋានជូនយុវជន
ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង និងសមាជិកគណៈកម្មាធិការសាខា បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់ឯកសណ្ឋានជូនសមាជិកថ្មី យុវជនកាកបាទក្រហមកម្ពុជា ចំនួន៥៨នាក់ នៅសាលប្រជុំសាលាខេត្ត ។ សមាជិកយុវជនដែលត្រូវបំពាក់ឯកសណ្ឋាននាពេលនេះ មកពីវិទ្យាល័យព្រះរាជបូជនីកិច្ច វិទ្យាល័យហ៊ុនសែនស្ទឹងត្រែង វិទ្យាល័យព្រះគោ និងវិទ្យាល័យសេសានសុវត្ថិភាព ។
ក្នុងឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានលើកឡើងថា ដើម្បីអភិវឌ្ឍធនធានមនុស្ស ក្នុងការបំរើសេវាកម្មមនុស្សធម៌ និងចូលរួមការងារក្នុងសង្គម សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានផ្តល់វគ្គបណ្តុះបណ្តាលរួចហើយអំពី កាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋម ដើម្បីបានជាមូលដ្ឋានក្នុងការបំពេញការងារមនុស្សធម៌ ហេតុនេះសូមប្រគល់តួនាទី និងភារកិច្ចដល់ប្អូនៗដូចខាងក្រោម៖
- ប្អូនៗជាតំណាងឲ្យយុវជនកាកបាទក្រហមកម្ពុជា ក្នុងស្រទាប់យុវវ័យ
- ប្អូនៗជាទំពាំងស្នងប្ញស្សី ជាអ្នកបន្តវេនក្នុងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា
- ត្រូវគោរពវិន័យសាលា ខិតខំរៀនសូត្រឲ្យបានពូកែ និងធ្វើជាគំរូល្អក្នុងស្រទាប់យុវវ័យ
- ត្រូវផ្សព្វផ្សាយពីគោលការណ៍គ្រឹះនៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងសាលានិងសហគមន៍។
- ចូលរួមបន្តការអប់រំសុខភាពអនាម័យ បង្ការជំងឺឆ្លង ក៏ដូចជាគ្រោះថ្នាក់នៃគ្រឿងញៀន
- ចូលរួមសកម្មភាពមនុស្សធម៌ក្នុងសាលា មានជួយដល់មិត្តយុវសិស្សក្រីក្រ មិត្តរៀនខ្សោយ និងលើកទឹកចិត្ត មិត្តយុវសិស្សពិការផងដែរ
- ធ្វើជាគំរូល្អក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍
- មានទំនាក់ទំនងស្មើភាពក្នុងជួរយុវជន ដោយសហការល្អ ចែករំលែកបទពិសោធន៍ជាមួយយុវជនកាយរឹទ្ធិជាតិកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាមួយយុវជនកាកបាទក្រហម អឌ្ឍចន្ទក្រហម នៃបណ្តាប្រទេសជាមិត្តនានាក្នុងសកលលោក។
បន្ទាប់ពីបានទទួលតួនាទី និងភារកិច្ច រួចមកដើម្បីឆ្លើយតបនឹងប្រសាសន៍ផ្ដាំផ្ញើ និងការប្រគល់ភារកិច្ចរបស់ ឯកឧត្តមគណៈអធិបតី តំណាងយុវជនថ្មី បានធ្វើការប្ដេជ្ញាចិត្តដូចតទៅ៖
- ប្ដេជ្ញា រៀនសូត្រឱ្យបានពូកែ គោរពវិន័យ សីលធម៌ ឱ្យក្លាយជាសិស្សល្អ កូនល្អ និងមិត្តល្អ
- ប្ដេជ្ញា បំពេញតួនាទីភារកិច្ចជា យុវជនកាកបាទក្រហមកម្ពុជា
- ប្តេជ្ញា ទ្រទ្រង់ និង ចូលរួមសកម្មភាពមនុស្សធម៌ឱ្យបានកាន់តែច្រើន ទាំងក្នុង និងក្រៅសាលារៀន
- ប្ដេជ្ញា អភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឱ្យក្លាយជាពលរដ្ឋល្អទៅអនាគត