យុវជន កក្រក ទទួលវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន គោលការណ៍គ្រឹះ ប្រវត្តិចលនារបស់កាកបាទក្រហម

សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី  បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋានស្ដីពីគោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម ប្រវត្តិចលនារបស់កាកបាទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ និងវិជ្ជាសង្គ្រោះបឋម ជូនដល់យុវជនកាកបាទក្រហមកម្ពុជាថ្មី ចំនួន ៦១នាក់ ស្រី ៤៨នាក់ ដែលមានរយៈពេល ២ថ្ងៃ  ដោយគិតចាប់ពីថ្ងៃទី ២១-២២ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកជំទាវ វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពី នាយកសាលានៃវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងសែនមនោរម្យ គ្រូបង្គោលប្រជាសង្គ្រោះបឋម ព្រមទាំងក្រុមប្រតិបត្តិសាខា ដោយពិធីនេះប្រព្រឹត្តទៅនៅអាគារធនធាន នៃវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី។
ពិធីនេះដែរ ធ្វើឡើងនៅក្នុងគោលបំណងដើម្បី៖
១. បង្កើនការយល់ដឹងបន្ថែមពីចំណេះដឹងនៃគោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ ប្រវត្តិរបស់កាកបាទក្រហមកម្ពុជា និងវិជ្ជាសង្គ្រោះបឋម
២. បណ្តុះបណ្តាលយុវជនឲ្យយល់ពីអត្ថប្រយោជន៍នៃការស្ម័គ្រចិត្តជាយុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលរយៈពេល ២ថ្ងៃមកនេះ
៣. ផ្សព្វផ្សាយបន្តនូវវគ្គបណ្តុះបណ្តាលនេះ ទៅដល់សាលារៀន សហគមន៍ និងយុវជនក្រោយៗទៀត៕