យុវជនកាកបាទក្រហមកម្ពុជា ៥០នាក់ នៃវិទ្យាល័យ ហ៊ុន សែន ស្នួល បានទទួលវគ្គបំប៉នពង្រឹងសមត្ថភាព

យុវជនកាកបាទក្រហមកម្ពុជាចំនួន៥០នាក់ នៃវិទ្យាល័យហ៊ុន សែន ស្នួល បានទទួលវគ្គបំប៉នពង្រឹងសមត្ថភាព និងបំពាក់ឯកសណ្ឋាន យុវជនកាកបាទក្រហមកម្ពុជា។
 
សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បានរៀបចំពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា ចំនួន៥០នាក់(ស្រី៣៥នាក់) នៃវិទ្យាល័យហ៊ុនសែនស្នួលក្រោមអធិបតីភាពឯកឧត្តមធុន គ្រី អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ និងមានការអញ្ជើញចូលរួម៖ លោកប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្នួល លោកនាយក ,ទីប្រឹក្សាយុវជនកាកបាទក្រហម លោកគ្រូ អ្នកគ្រូ និងក្មួយៗយុវជនកាកបាទក្រហមនៃវិទ្យាល័យ ហ៊ុន សែនស្នួលសរុបចំនួន៦៤នាក់។ នៅក្នុងប្រសាសន៍សំណាលនាពេលនេះ ឯកឧត្តមបានផ្តាំផ្ញើដល់យុវជន បន្ទាប់ពីក្លាយខ្លួនជាយុវជនកាកបាទក្រហមមានន័យថាៈក្មួយៗបានក្លាយជាតំណាងអោយកាកបាទក្រហមកម្ពុជា ក្មួយៗ ត្រូវធ្វើជាគំរូល្អ ដល់សិស្សដទៃ ចេះជួយយកអសារមិត្តភ័ក្តដែលជួបការលំបាក ជួយអប់រំមិត្ត ចែករំលែកចំណេះដឹងដល់គ្នាទៅវិញទៅមក,ត្រូវខំប្រឹងប្រែងរៀនសូត្រ  មានទម្លាប់រស់នៅល្អ,មានសីលធម៌ល្អ,គោរពវិន័យខ្ជាប់ខ្ជួននិងរក្សាសាមគ្គីភាពល្អ ខំហាត់ពត់លត់ដំខ្លួនអោយក្លាយជាអ្នកបន្តវេន ដ៏រឹងមាំរបស់គ្រួសារ និងសង្គមជាតិ។ក្នុងខណៈនៅះដែរឯកឧត្តម បានបញ្ជ្រាការគោរពច្បាប់ចរាចរណ៍ និងការថែទាំបរិស្ថានស្អាតដើម្បីសុខភាព និងសោភ័ណ្ឌភាពដើម្បីលើកស្ទួយកិត្តិយសប្រទេសជាតិយើង។
បន្ទាប់ពីពិធីបំពាក់កន្សែងបានបញ្ចប់ លោកស្រីប្រាក់សុភាព បានបន្តដឹកនាំវគ្គពង្រឹងសមត្ថភាពយុវជន ដោយលើកយកប្រធានបទសំខាន់ៗមួយចំនួនមកផ្សព្វផ្សាយដល់យុវជនរួមមាន ៖ - គោលការណ៍គ្រឹះរបស់ចលនាកាកបាទក្រហម, តួនាទីភារៈកិច្ចរបស់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហម ដោយផ្តោតសំខាន់ទៅលើសកម្មភាពមិត្តអប់រំមិត្ត,មិត្តជួយមិត្ត និងការចូលរួមអនុវត្តសកម្មភាពមនុស្សធម៌ ទាំងក្នុងសាលារៀន និងសហគមន៍នៅចុងបញ្ចប់ បែងចែកក្រុមយុវជនកាកបាទក្រហម ចុះបិទចំណាំងផ្លាត(គោរពសិទ្ធជនពិកា)ដល់ម៉ូតូ និងចែកខិតប័ណ្ណ (ការពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវ)នៅក្នុងបរិវេណសាលារៀន បានមួយចំនួន៕