សាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជា ពលរដ្ឋតួកគី រងគ្រោះរញ្ជួយដី
នារសៀលថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលរួមរំលែកទុក្ខ និងសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងនាំយកថវិកា ១០ម៉ឺនដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមជាតិ អឌ្ឍចន្ទក្រហមតួកគី តាមរយៈ លោកជំទាវ អ៊ូឃូ ខូចាអេសហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព សាធារណរដ្ឋតួកគី ប្រចាំកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋតួកគីដែលរងគ្រោះរញ្ជួយដីកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ពិធីនេះប្រព្រឹត្តទៅនៅស្ថានទូតតួកគី ស្ថិតនៅផ្ទះលេខ ១-៣ ផ្លូវ២៥៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍ចូលរួមរំលែកទុក្ខ និងសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលមានខ្លឹមសារ៖
«ខ្ញុំមានការតក់ស្លុត និងសោកស្ដាយជាខ្លាំងចំពោះសោកនាដកម្មនៃការបាត់បង់ជីវិត និងការបំផ្លិចបំផ្លាញយ៉ាងធំធេង ដោយការរញ្ជួយដីកម្រិត ៧.៨ រិចទ័រ បានវាយប្រហារនៅភាគខាងត្បូងនៃប្រទេសទួកគី និងស៊ីរី កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៣។»
ក្នុងសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបន្តថា «ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមផ្ញើជូន លោកជំទាវ ឯកអគ្គរដ្ឋទូត នូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងក្តីអាណិតអាសូរដ៏ក្រៀមក្រំបំផុត ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់ និងក្រុមគ្រួសារជនរងគ្រោះ ដែលពេលនេះកំពុងស្រែករកជំនួយ និងឧបត្ថម្ភ ទាំងខាងស្មារតី និងបច្ចេកទេស ក្នុងកាលៈទេសៈលំបាកបែបនេះ។
ក្នុងស្មារតីនៃសាមគ្គីភាព និងការអាណិតអាសូរយ៉ាងជ្រាលជ្រៅជាមួយប្រជាជន តួកគី រដ្ឋាភិបាល និងសមាគមជាតិ អឌ្ឍចន្ទក្រហមតួកគី ខ្ញុំសូមបរិច្ចាគមួយរយពាន់ (100,000.00) ដុល្លារអាមេរិក ដើម្បីគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមជាតិ អឌ្ឍចន្ទក្រហមតួកគី តាមរយៈស្ថានទូត នៃសាធារណរដ្ឋ តួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំនឹងចូលរួមជាមួយលោកជំទាវ ក្នុងការអំពាវនាវសុំជំនួយបន្ថែមទៀត និងអធិស្ឋានសម្រាប់ការ សង្គ្រោះ និងការស្ដារឡើងវិញយ៉ាងឆាប់រហ័សនៃតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញ ព្រមទាំងសុខុមាលភាពរបស់ប្រជាជន តួកគី។