សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បើកវគ្គ បណ្តុះបណ្តាលមូលដ្ឋានប្រវត្តិចលនា កាកបាទក្រហម

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបើកវគ្គបណ្តុះបណ្តាលស្តីអំពី ចំណេះដឹងជាមូលដ្ឋាន ប្រវត្តិចលនា គោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋមកាកបាទក្រហមកម្ពុជា ជូនយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យ ហ៊ុន សែន ត្បែងមានជ័យ ចំនួន ៤៦នាក់ ស្រី ៣៣នាក់ និងយុវជនទើបរើសថ្មីចំនួន ២៩នាក់ ស្រី ២០នាក់ ស្ថិតនៅភូមិស្រឡៅទូង ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ក្រោមវត្តមានលោក សុខ មុន្នីរិទ្ធ ប្រធានគណ:កម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកត្បែងមានជ័យ ។
 
នៅក្នុងឱកាសនោះលោកប្រធានគណ:កម្មាធិការអនុសាខាស្រុក បានលើកឡើងថាដើម្បីបន្ថែមសមាជិកយុវជនដែលបានប្រឡងជាប់ហើយទៅបន្តការសិក្សា សាលាបានរើសយុវជនបំពេញ និងបើកវគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជា ជូននាពេលនេះគោលបំណងដើម្បីអោយប្អូនបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តួនាទីរបស់យុវជនកាកបាទក្រហម ពិសេសវិជ្ជាសង្គ្រោះបឋម ។ ជាមួយគ្នានោះដែរក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំ៖
-រៀនសូត្រអោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ
-ជៀសអោយឆ្ងាយពីគ្រឿងញៀន
-គោរពច្បាប់ចរាចរណ៍អោយខ្ចាប់ខ្ជួន
-ចូលរួមថែរក្សាអនាម័យនិងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ
-ជៀសវាងការប្រើប្រាស់អំពើហឹង្សា
-ជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សា រៀនសូត្រ