ក្រុមហ៊ុន មីងសឹងគ្រុប ឯ.ក (MING SHEUNG GROUP CO., LTD) ឧបត្ថម្ភអំណោយជាសម្ភារវេជ្ជសាស្ត្រ...........
ក្រុមហ៊ុន មីងសឹងគ្រុប ឯ.ក (MING SHEUNG GROUP CO., LTD) ឧបត្ថម្ភអំណោយជាសម្ភារវេជ្ជសាស្ត្រ និងគ្រឿងឧបភោគបរិភោគ ជូនកាកបាទក្រហមកម្ពុជា ...!!
នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២១ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានទទួលអំណោយជាអាវការពារពេទ្យចំនួន ២០០.០០០សម្រាប់ ម៉ាស់ចំនួន ៦០.០០០បន្ទះ និងគ្រឿងឧបភោគបរិភោគមួយចំនួន ពីក្រុមហ៊ុន មីងសឹងគ្រុប ឯ.ក (MING SHEUNG GROUP CO., LTD) ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន មីង សឹងគ្រុប ឯ.ក ដែលបាននាំយកនូវអំណោយសប្បុរសធម៌ជូនកាកបាទក្រហមកម្ពុជានាពេលនេះ ដែលជាការរួមចំណែកកាត់បន្ថយការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ដែលកំពុងរងផលប៉ះពាល់ដោយការរាតត្បាតនៃជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ អាវការពារពេទ្យចំនួន ២០ម៉ឺនសម្រាប់នេះ កាកបាទក្រហមកម្ពុជា បានប្រគល់ជូន លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដើម្បីបែងចែកទៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាពតាមបណ្តាខេត្ត និងមណ្ឌលចត្តាឡីស័កនានា។ ដោយឡែក ម៉ាស់ និងសម្ភារផ្សេងទៀត កាកបាទក្រហមកម្ពុជា បន្តផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានី-ខេត្តទាំង២៥ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩»។
ជាមួយគ្នានេះ លោកស្រី LU JINGYI តំណាងក្រុមហ៊ុន បានសម្តែងនូវទឹកចិត្តរីករាយ និងថ្លែងអំណរគុណចំពោះ កាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតឲ្យក្រុមហ៊ុនមានឱកាសបានចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។ លោកស្រី សង្ឃឹមថា នាពេលអនាគត ក្រុមហ៊ុននឹងបន្តជួយដល់កាកបាទក្រហមកម្ពុជាហើយនឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការស្ថារសេដ្ឋកិច្ចឡើងវិញក្រោយបញ្ចប់ការរាតត្បាតនៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា អំណោយទាំងអស់រួមមាន ៖ អាវពេទ្យចំនួន ២០០.០០០សម្រាប់, ម៉ាស់ចំនួន ៦០.០០០បន្ទះ, អង្ករ ៦តោន, មី ១.២០០កេស, ភេសជ្ជៈ ១.២០០កេស និងទឹកស៊ីអ៊ីវ ១.២០០យួរ៕