សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បើកវគ្គ បណ្តុះបណ្តាលជាមូលដ្ឋាន ដល់អ្នកស្ម័គ្រចិត្ត និងយុវជន

សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន ដល់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា នៃស្រុកសេសាន ក្រោមវត្តមាន លោក ភៀន ជំហ៊ាន អភិបាលរងនៃគណៈអភិបាលស្រុកសេសាន លោក សាយ ព្រលឹង នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង និងមានការចូលរួមពី លោកគ្រូទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន៣៤ នាក់, ស្រី១៥ នាក់។ ដែលវគ្គនេះ ប្រព្រឹត្តទៅ នៅសាលាស្រុកសេសាន ខេត្តស្ទឹងត្រង មានរយៈពេល ២ថ្ងៃ ដោយផ្ដោតលើមេរៀនសំខាន់ៗមួយចំនួនរួមមាន ៖
១- ប្រវត្តិចលនាអន្ដរជាតិ  កាកបាទក្រហម និងអឌ្ឍចន្ទក្រហម
២- គោលការណ៍គ្រឹះទាំង៧ប្រការ
៣- ការប្រើប្រាស់បដិរូប
៤- គោលនយោបាយ និងតួនាទីយុវជនកាកបាទក្រហម
៥-វិជ្ជាសង្គ្រោះបឋម
៦-បញ្ជ្រាប ពីការប្រែប្រួលអាកាសធាតុ សុវត្ថិភាពចរាចរណ៍ និងការងារសុខភាព។
 
មានមតិសំណេះសំណាលផ្តាំផ្ញើនាឱកាសនោះ លោក សាយ ព្រលឹង នាយកសាខា បានមានប្រសាសន៍ ពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណ:កម្មាធិការសាខា ដោយក្តីស្រលាញ់ និងក្តីនឹករលឹក ជូនដល់អ្នកស្ម័គ្រចិត្ត និងប្អូនៗយុវជនកាកបាទក្រហមទាំងអស់ ដែលតែងតែលះបង់ពេលវេលាដ៏មានតម្លៃពីការសិក្សាចូលរួមចំណែកបំរើសកម្មភាពការងារមនុស្សធម៌កន្លងមកដោយស្ម័គ្រចិត្តមិនគិតពីការនឿយហត់។  លោកនាយក បានបន្តថា នៅក្នុងវគ្គយល់ដឹងជាមូលដ្ឋានដែលមានរយៈពេល២ថ្ងៃពេញនេះ ប្អូនៗនឹងបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម និងបានស្គាល់ពីកាកបាទក្រហមកម្ពុជា កាន់តែច្បាស់ រចនាសម្ព័ន្ធកាកបាទក្រហម ពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន ពិសេសប្អូនៗនឹងបានស្គាល់ពីតួនាទីភារកិច្ចរបស់ខ្លួនកាន់តែច្បាស់។ បន្ទាប់ពីឆ្លងកាត់វគ្គនេះហើយ សង្ឃឹមថាប្អូនៗយុវជន ទាំងអស់ ក្លាយជាយុវជន កក្រក ដែលពោរពេញទៅដោយសមត្ថភាពក្នុងការរួមចំណែកជាមួយសាខាក្នុងការផ្តល់សេវាកម្មមនុស្សធម៌ តាមសហគមន៍ និងសាលារៀនបានល្អ ស្របតាមបណ្តុំទស្សនៈទាន “យុវជនគឺជា ចលករ និងជាភ្នាក់ងារនៃការផ្លាស់ប្តូរជាវិជ្ជមាន កំពុងនាំគ្នាធ្វើសកម្មភាព ធ្វើឱ្យបានកាន់តែច្រើនជាងមុន ធ្វើឱ្យកាន់តែល្អជាងមុន ធ្វើឱ្យកាន់តែស៊ីជម្រៅ និង ទៅឱ្យបានកាន់តែឆ្ងាយជាមុន” ។
 
មានមតិសំណេះសំណាលបើកវគ្គនាឱកាសនេះ  លោក សុវណ្ណ ពិសេដ្ឋ អភិបាល នៃគណៈអភិបាលស្រុកសេសាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និង សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ដែលមានឯកឧត្តម ស្វាយ សំអ៊ាង ជាប្រធាន ដែលលោកតែងតែយកចិត្តទុកដាក់បង្កើតអោយមានយុវជនកាកបាទក្រហមនៅក្នុងស្រុកសេសាននេះ  ដោយមានការ ផ្ដល់ការគាំទ្រនិង ផ្តល់វគ្គបណ្តុះបណ្តាលជាមូលដ្ឋាននេះ ដល់អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុជនកាកបាទក្រហមកម្ពុជា ដើម្បីឲ្យអ្នកស្ម័គ្រចិត្ត និងយុវជនមានមានឱកាសក្នុងការចូលរួមផ្តល់សេវាកម្មមនុស្សធម៌ដោយស្ម័គ្រចិត្ត តាមគ្រឹះស្ថានសិក្សា និងសហគមន៍។  លោកបានបន្តទៀតថា ដើម្បីអោយប្អូនៗយុវជនចាស់ និងថ្មីទាំងអស់ ក្លាយយុវជនកាកបាទក្រហមដែលពោរពេញដោយសមត្ថភាពក្នុងការរួមចំណែកជាមួយសាខាក្នុងការផ្តល់សេវាកម្មមនុស្សធម៌ តាមសហគមន៍ និងសាលារៀនបានល្អ  គឺត្រូវឆ្លងកាត់វគ្គជាមូលដ្ឋាននេះ ដើម្បីអោយប្អូនបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តួនាទីរបស់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ពិសេសវិជ្ជាសង្គ្រោះបឋម ។ ជាមួយគ្នានោះដែរលោកក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំរៀនសូត្រ ជៀសអោយឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍អោយខ្ចាប់ខ្ជួន ចូលរួមថែរក្សាអនាម័យនិងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ ជួយកិច្ចការផ្ទះ ការងារសង្គមបន្ទាប់ពីការសិក្សា រៀនសូត្រ ដើម្បីអោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ដែលសង្គមត្រូវការ។