សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បើកវគ្គ បណ្តុះបណ្តាលមូលដ្ឋាន ដល់ទីប្រឹក្សាយុវជន

នៅវិទ្យាល័យវិទ្យាល័យ ជា ស៊ីម បឹងកេងកង សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​   បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដែលបានដំណើរការអស់រយៈពេល១ថ្ងៃ​ ជូនដល់ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សចំនួន១៥០នាក់​ (ស្រី៨៦នាក់)​ ក្រោមអធិបតីភាព​ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ។
 
មានប្រសាសន៍នាឱកាសបិទវគ្គនោះ ក្នុងនាម​ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ លោក ជិន ប៊ុនធឿន បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកគ្រូ អ្នកគ្រូទីប្រឹក្សា​ ក្មួយៗយុវជន​ និងសិស្សានុសិស្សទាំងអស់ ដែលបានចំណាយពេលវេលាពេញ១ថ្ងៃ​ ខិតខំត្រង់ត្រាប់ស្តាប់ការបង្ហាត់បង្ហាញពីគ្រូឧទ្ទេសនាមរហូតទទួលបានលទ្ធផលគួរជាទីមោទនៈ​ ។​ លោកបានបន្តថា ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ និងបណ្តុះនូវធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណភាព​ សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ដែលមាន​ ឯកឧត្តម ឃួង ស្រេង ជាប្រធានគណៈកម្មាធិការសាខា​ បានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាននេះជូនដល់យុវជននៅតាមសាលា​ ដើម្បីបណ្តុះគំនិតទឹកចិត្ត និងសេចក្តីស្រលាញ់ចំពោះការងារមនុស្សធម៌​ ជាពិសេសផ្តល់ចំណេះដឹងជាមូលដ្ឋានក្នុងការក្លាយខ្លួនជាយុវជនកាកបាទក្រហមពេញលក្ខណៈ​ សម្រាប់បំពេញកិច្ចការងារមនុស្សធម៌របស់យើងឱ្យកាន់តែមានប្រសិទ្ធភាព​ និងសកម្មខ្លាំងក្លាថែមទៀត​ ឱ្យសាកសមទៅនឹងកិត្តិនាមរបស់កាកបាទក្រហមកម្ពុជា​ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយភាពឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រមុខដឹកនាំ​ ។
 
សម្រាប់មេរៀនដែលបានលើកយកមកបង្ហាត់បង្ហាញរួមមាន ៖
១.​ ប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា
២.​ គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ
៣.​ សុវត្ថិភាពចរាចរណ៍ផ្លូវគោក
៤.​ តួនាទី និងភារកិច្ចទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា
៥.​ វិជ្ជាសង្គ្រោះបឋម​ ៕