វិទ្យាល័យ ជា ស៊ីម ឈូកវ៉ា ទីប្រឹក្សាយុវជន និងយុវជន កាកបាទក្រហមកម្ពុជា ទទួល​វគ្គបណ្តុះបណ្តាល

នៅវិទ្យាល័យ​ ជា ស៊ីម​ ឈូកវ៉ា លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដែលបានដំណើរការអស់រយៈពេល១ថ្ងៃ​ ជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន៦០នាក់​ (ស្រី៤៥នាក់) ។
មានប្រសាសន៍នាឱកាសបិទវគ្គនោះ ក្នុងនាម​ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ លោក ជិន ប៊ុនធឿន បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកគ្រូ អ្នកគ្រូទីប្រឹក្សា​ ក្មួយៗយុវជន​ និងសិស្សានុសិស្សទាំងអស់ ដែលបានចំណាយពេលវេលាពេញ១ថ្ងៃ​ ខិតខំត្រង់ត្រាប់ស្តាប់ការបង្ហាត់បង្ហាញពីគ្រូឧទ្ទេសនាមរហូតទទួលបានលទ្ធផលគួរជាទីមោទនៈ​ ។​ លោកបានបន្តថា ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ និងបណ្តុះនូវធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណភាព​ សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ដែលមាន​ ឯកឧត្តម ឃួង ស្រេង ជាប្រធានគណៈកម្មាធិការសាខា​ បានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាននេះជូនដល់យុវជននៅតាមសាលា​ ដើម្បីបណ្តុះគំនិតទឹកចិត្ត និងសេចក្តីស្រលាញ់ចំពោះការងារមនុស្សធម៌​ ជាពិសេសផ្តល់ចំណេះដឹងជាមូលដ្ឋានក្នុងការក្លាយខ្លួនជាយុវជនកាកបាទក្រហមពេញលក្ខណៈ​ សម្រាប់បំពេញកិច្ចការងារមនុស្សធម៌របស់យើងឱ្យកាន់តែមានប្រសិទ្ធភាព​ និងសកម្មខ្លាំងក្លាថែមទៀត​ ឱ្យសាកសមទៅនឹងកិត្តិនាមរបស់កាកបាទក្រហមកម្ពុជា​ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយភាពឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រមុខដឹកនាំ​ ។
សូមបញ្ជាក់ថា៖​ សម្រាប់មេរៀនដែលយកមកបង្ហាត់បង្ហាញរួមមាន ៖
១.ប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា
២.គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ
៣.សុវត្ថិភាពចរាចរណ៍ផ្លូវគោក
៤.តួនាទី និងភារកិច្ចទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា
៥.វិជ្ជាសង្គ្រោះបឋម​ ៕