ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ និងបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ចំនួន ១.១៨១គ្រួសារ

ឆ្លើយតបតាមការស្នើសុំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ និងបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ចំនួន ១.១៨១គ្រួសារ មកពីភូមិចំនួន១៩ នៃឃុំជីរោទិ៍ និងឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ពិធីជួបសំណេះសំណាល និងចែកអំណោយខាងលើនេះ បានប្រព្រឹត្តទៅនៅទីតាំងចំនួន២កន្លែងគឺ៖

-ទីតាំងទី១ នៅទួលសុវត្ថិភាពឧកញ៉ា វ័ន ប៊ុនថៃ ក្រោមវត្តមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា សម្រាប់ប្រជាពលរដ្ឋរងគ្រោះចំនួន ១១៤៧គ្រួសារ មកពីភូមិចំនួន១៨ នៃឃុំជីរោទិ៍ និងឃុំទន្លេបិត ស្រុកត្បូងឃ្មុំ។

-ទីតាំងទី២ នៅទួលសុវត្ថិភាព ទួលអង្គ្រង ក្រោមវត្តមាន លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា សម្រាប់ប្រជាពលរដ្ឋរងគ្រោះ ៣៤គ្រួសារ មកពីភូមិទួលកែវ ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់៕