លោកជំទាវ ហឹង ណារី វ៉ាថន បានអញ្ជើញជាអធិបតីភាព ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍....
លោកជំទាវ ហឹង ណារី វ៉ាថន ប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាព ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២១ ក្រោមប្រធានបទ "បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានគណៈកម្មាធិការ សមាជិក សមាជិកាគណៈកម្មាធិការសាខា លោកស្រីនាយិការងសាខា មន្ត្រី យុវជន អ្នកស្ម័គ្រចិត្ត និងបងប្អូនប្រជាពលរដ្ឋអ្នករស់នៅជាមួយនឹងជំងឺអេដស៍, កុមារកំព្រាដែលឪពុកម្តាយស្លាប់ដោយសារជំងឺអេដស៍ សរុប ៥៩ នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងក្រចេះ នាព្រឹកថ្ងៃពុធ ទី៨ ខែធ្នូ ឆ្នាំ២០២១
មានប្រសាសន៍នាឱកាសនេះ លោកជំទាវ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍-ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដែលកន្លងមកសម្តេចតែងតែមានសន្តានចិត្តប្រោសប្រណី និងគិតគូរចំពោះទុក្ខលំបាក និងបានចុះសួរសុខទុក្ខផ្តល់អំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋអ្នករស់នៅជាមួយមេរោគអេដស៍ជាបន្តបន្ទាប់។ ជាមួយគ្នានេះដែរ ក៏បានបញ្ជ្រាបពី ប្រវត្តិនៃការករកើតឡើងចលនារបស់ កាកបាទក្រហមអន្តរជាតិ ផងដែរ។
អំណោយដែលផ្តល់ជូនបងប្អូនចំនួន៥៩នាក់ នាពេលនោះក្នុងម្នាក់ៗទទួលបាន៖ មី១កេស ត្រីខ១យួរ ស្ករស២កញ្ចប់ ជែលលាងដៃ១ដប និងថវិកាចំនួន ៥០.០០០រៀល ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត រួមនឹងអាវរងា១ជាអំណោយរបស់លោកជំទាវផ្ទាល់ ៕