ឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមជាអធិបតី នាពិធីប្រារព្ធទិវាជាតិ សុខភាពមាតា ទារក និង កុមារ ២១ កុម្ភៈ ២០២២
សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានរៀបចំប្រារព្វទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២២ ក្រោមប្រធានបទ«ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ» ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា និងជាប្រធានប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា និងមានការរួមពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សមាជិក សមាជិកាសាខា អនុសាខា មន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងស្រ្តីមានផ្ទៃពោះ ស្រ្តីទើបសម្រាលកូន និងកុមារចំនួន ៣០៧នាក់ បានអញ្ជើញចូលរួមក្នុងកម្មវិធី ដែលបានរៀបចំឡើងនៅសាលាដុនបុស្កូ សង្កាត់លេខ៤ ខេត្តព្រះសីហនុ ។
ឯកឧត្តម បានពាំនាំនូវប្រសាសន៍នៃការផ្តាំសួរសុខទុក្ខ និងក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ដែលជានិច្ចកាល តែងតែគិតដល់សុខទុក្ខបង-ប្អូនរួមជាតិ ជាពិសេសការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ។
ឯកឧត្តម បានគូសបញ្ជាក់ថា «បច្ចុប្បន្ននេះ យើងកត់សម្គាល់ឃើញថា ស្ត្រីភាគច្រើនបានទៅពិនិត្យផ្ទៃពោះតាមការណាត់របស់គ្រូពេទ្យ ទៅទទួលសេវាថែទាំ និងថ្នាំបង្ការការចម្លងមេរោគផ្សេងៗ ដូចជា មេរោគអេដស៍ មេរោគស្វាយ ជំងឺរលាកថ្លើមប្រភេទបេពីម្តាយមកទារកក្នុងផ្ទៃ, បានបោះបង់ទម្លាប់សម្រាលដោយឆ្មបបុរាណ មកជាការទៅសម្រាលកូន នៅមណ្ឌលសុខភាព នៅមន្ទីរពេទ្យបង្អែក និងកន្លែងដែលមានពេទ្យជំនាញ, កាត់បន្ថយបានយ៉ាងពិតប្រាកដ អាត្រាមរណៈរបស់មាតានិងទារក ដែលនេះគឺជាវិធីសាស្ត្រមួយធ្វើឱ្យ បានជ្រួតជ្រាបដល់បង-ប្អូនរួមជាតិយើង ហើយជារួម បាននិងកំពុងរួមចំណែក ធ្វើឱ្យមានការផ្លាស់ប្តូរឥរិយាបទក្នុងចំណោមស្ត្រីជាមាតា ស្ត្រីមានផ្ទៃពោះ។
ឯកឧត្តម បានបញ្ជាក់ទៀតថា «ក្នុងស្ថានភាពបិទខ្ទប់ និងការខ្លាចរអាដោយសារ ស្ថានភាពជំងឺកូវីដ-១៩កន្លងមក បានធ្វើឱ្យស្ត្រីជាមាតាមួយចំនួន មិនបានទៅពិនិត្យផ្ទៃពោះបានយ៉ាងតិច៤ដង និងទៅតាមការកំណត់របស់គ្រូពេទ្យ ធ្វើឱ្យបងប្អូនស្ត្រីជាមាតាមួយចំនួននោះ ជួបហានិភ័យខ្ពស់ចំពោះអាយុជីវិតមាតា ទារក ក្នុងពេលសម្រាល។ ប្រធានបទនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ឆ្នាំ២០២២នេះ ហើយក៏ជាប្រធានបទនៃកិច្ចពិភាក្សាថ្ងៃនេះ គឺជាការគូសបញ្ជាក់នូវការបេ្តជ្ញាចិត្តរបស់ក្រសួងសុខាភិបាល របស់អង្គភាពជំនាញនានា ជាពិសេស អ្នកផ្តល់សេវាទាំងអស់ ក្នុងការពង្រឹងការផ្តល់សេវារបស់ខ្លួន។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដើរតាមមគ្គុទ្ទេសក៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅតែបន្តខិតខំ រួមទាំងប្តេជ្ញាចិត្តចូលរួមគាំទ្រ ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។»
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានពាំនាំនូវសារអំពាវនាវទាំង ៦ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ញើជូនចំពោះ បង-ប្អូនរួមជាតិក្នុងឱកាសនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២២នេះផងដែរ ។
សម្ភារៈផ្តល់ជូនក្នុងមួយគ្រួសារមាន៖ស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ សរុបៈ ៣០៧នាក់ទទួលបានៈ អង្ករ ២៥គីឡូក្រាម មី ០១កេះ ត្រីខ ០១យួរ ទឹកត្រី ០១យួរ ឃីត ០១ឃីត(មុង០១ ក្រមា០១ ភួយ០១ សារុង០១)ម៉ាស០១កញ្ចប់ ជែល០១ដប និងថវិកា ១០ម៉ឺនរៀល ។ ចំណែកស្រ្តីមានផ្ទៃពោះ និងស្រ្តីមានទារកអាយុ ៣ខែចុះក្រោម ចំនួន ១៥៦នាក់ ទទួលបានឃីតទារក ០១បន្ថែមទៀត ៕