អ្នកស្ម័គ្រចិត្ត ចំនួន១៤នាក់ និងក្រុម កក្រក ឃុំ ៧នាក់ នៃឃុំត្រពាំងផ្លុង ទទួលបានការបណ្ដុះបណ្ដាល

សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃចន្ទ ទី២១ ខែកុម្ភ: ឆ្នាំ២០២២ លោក ហ៊ឹម ហ៊ុន នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមគ្រូបង្គោលរបស់សាខា ចុះទៅបើកវគ្គជាមូលដ្ឋានដល់ក្រុម កក្រក ឃុំ ចំនួន៧នាក់ (ស្រី១នាក់) និងអ្នកស្ម័គ្រចិត្តភូមិចំនួន១៤ (ស្រី១នាក់) នៃឃុំត្រពាំងផ្លុង ក្នុងបរិវេណសាលាឃុំត្រពាំងផ្លុង ស្ថិតក្នុងភូមិត្រពាំងព្រីងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
នៅក្នុងឱកាសនោះដែរ លោកនាយករងបានលើកឡើងថា ការបើកវគ្គនាពេលនេះគោលបំណងដើម្បីពង្រឹង និងពង្រីកសមត្ថភាពរបស់ក្រុមការងារឃុំ ឱ្យបានកាន់តែប្រសើរ ទៅតាមគោលការណ៍នយោបាយរបស់កាកបាទក្រហមកម្ពុជា ដែលក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្ត ឱ្យបានកាន់តែយល់ច្បាស់ពីតម្លៃនៃគោលការណ៍ទាំង៧នៃចលនាដែលត្រូវនាំគ្នាអនុវត្តទាំងអស់គ្នានៅក្នុងមូលដ្ឋាននីមួយៗ។ មិនតែប៉ុណ្ណោះនៅក្នុងវគ្គនេះទៀតសោតក៏មានបន្ថែមនូវវិជ្ជាសង្គ្រោះបឋម ដែលជាវិជ្ជាមួយដ៏មានសារសំខាន់សម្រាប់ក្នុងគ្រួសារនីមួយៗត្រូវតែចេះប្រើប្រាស់ និងយល់ពីកិច្ចការនេះ ព្រោះវាជាវិជ្ជាមួយដែលអាចជួយកាត់បន្ថយភាពងាយរងគ្រោះដល់អាយុជិវិត(ការស្លាប់) ឬចំណាយផ្សេងៗបាននៅក្នុងបរិបទកូវីដ១៩នេះ។ ជាមួយគ្នានោះដែរ លោកក៏បានធ្វើការផ្តាំផ្ញើដល់ការងាររបស់កាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តទាំងអស់គ្នាថា ទោះបីជានៅក្នុងមូលដ្ឋានបានចាក់វ៉ាក់សាំជម្រុញហើយក្តី  ក៏ត្រូវខិតខំចូលរួមអនុវត្ត និងផ្សព្វផ្សាយបន្តនូវ ៣ការពារ ៣កុំទៅតាមការអប់រំណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំដើម្បីចូលរួមការពារ ទប់ស្កាត់មេរោគកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា៕