សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានបើក វគ្គបណ្តុះបណ្តាលជាមូលដ្ឋាន ដល់ទីប្រឹក្សាយុវជន
សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន ដល់ទីប្រឹក្សាយុវជន និង យុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាល័យព្រះរាជបូជនីយកិច្ច និងវិទ្យាល័យសេសានសុវត្តិភាព ក្រោមវត្តមាន លោកសាយ ព្រលឹង នាយកសាខា កក្រក.ខេត្តស្ទឹងត្រែង និងមានការចូលរួមពីលោកគ្រូ អ្នកគ្រូទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៣០នាក់ ស្រី១៥ នាក់។
មានមតិសំណេះសំណាលបើកវគ្គនាឱកាសនោះ លោកនាយកសាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណ:កម្មាធិការសាខា ដោយក្តីស្រលាញ់ និងក្តីនឹករលឹក ជូនដល់ប្អូនៗយុវជនកាកបាទក្រហមទាំងអស់ ដែលតែងតែលះបង់ពេលវេលាដ៏មានតម្លៃពីការសិក្សា ចូលរួមចំណែកបំរើសកម្មភាពការងារមនុស្សធម៌កន្លងមកដោយស្ម័គ្រចិត្តមិនគិតពីការនឿយហត់។
លោកនាយកបានបន្តថា ដើម្បីអោយប្អូនៗយុវជនចាស់ និងថ្មីទាំងអស់ ក្លាយយុវជនកាកបាទក្រហម ដែលពោរពេញដោយសមត្ថភាពក្នុងការរួមចំណែកជាមួយសាខាក្នុងការផ្តល់សេវាកម្មមនុស្សធម៌ តាមសហគមន៍ និងសាលារៀនបានល្អ គឺត្រូវឆ្លងកាត់វគ្គជាមូលដ្ឋាននេះ ដើម្បីអោយប្អូនបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តួនាទីរបស់យុវជនកាកបាទក្រហម ពិសេសវិជ្ជាសង្គ្រោះបឋម ។ ជាមួយគ្នានោះដែរលោកនាយកក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំរៀនសូត្រ ជៀសអោយឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍អោយខ្ចាប់ខ្ជួន ចូលរួមថែរក្សាអនាម័យនិងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ ជួយកិច្ចការផ្ទះ ការងារសង្គមបន្ទាប់ពីការសិក្សា រៀនសូត្រ ដើម្បីអោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងក្លាយជាយុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរ។