សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានបើកវគ្គ ផ្សព្វផ្សាយដល់ យុវជនកក្រក វិទ្យាល័យព្រះមុនីវង្ស

សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានបើកវគ្គផ្សព្វផ្សាយជាមូលដ្ឋាន ដល់ យុវជនកាកបាទក្រហមកម្ពុជានៃវិទ្យាល័យ ព្រះមុនីវង្ស ក្រុងបាត់ដំបង ក្រោមវត្តមាន លោកយ៉ាន ឧត្តម នាយករងសាខា តំណាងលោកកុសុម សុភីនារ៉ា នាយកសាខាកក្រក.ខេត្តបាត់ដំបង និងលោក ទូច វណ្ណី ទីប្រឹក្សាយុវជនវិទ្យាល័យ ព្រះមុនីវង្ស ដែលមានការចូលរួមពី យុវជនកាកបាទក្រហមកម្ពុជា ចំនួន ១២០នាក់ ស្រី ៧៨ នាក់ ។
មានមតិសំណេះសំណាល នាឱកាសនោះ ក្នុងនាមនាយកសាខា លោកយ៉ាន ឧត្តម បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម សុខ លូ ប្រធានគណ:កម្មាធិការសាខាខេត្តបាត់ដំបង ដោយក្តីស្រលាញ់ និងក្តីនឹករលឹក ជូនដល់ប្អូនៗយុវជនកាកបាទក្រហមទាំងអស់ ដែលតែងតែលះបង់ពេលវេលាដ៏មានតម្លៃពីការសិក្សាចូលរួមចំណែកបំរើសកម្មភាពការងារមនុស្សធម៌កន្លងមកដោយស្ម័គ្រចិត្តមិនគិតពីការនឿយហត់។
លោកនាយករងបានបន្តថា ដើម្បីអោយប្អូនៗយុវជនចាស់ និងថ្មីទាំងអស់ ក្លាយយុវជនកាកបាទក្រហមដែលពោរពេញដោយសមត្ថភាពក្នុងការរួមចំណែកជាមួយសាខាក្នុងការផ្តល់សេវាកម្មមនុស្សធម៌ តាមសហគមន៍ និងសាលារៀនបានល្អ គឺត្រូវឆ្លងកាត់វគ្គជាមូលដ្ឋាននេះ ដើម្បីអោយប្អូនបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តួនាទីរបស់យុវជនកាកបាទក្រហម កម្ពុជា និងរៀបចំរចនាសម្ពន្ធ័ក្លឹបយុវជន ។ ជាមួយគ្នានោះដែរលោកនាយករងសាខា លោកគ្រូទីប្រឹក្សា បានបោះឆ្នោតជ្រើសរើសប្រធានយុវជន១រូប អនុប្រធាន២រូប ប្រធានផ្នែកចំនួន ៤រូប ប្រធានក្រុមយុវជនចំនួន៥រូបនៃក្លឹបយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យព្រះមុនីវង្សផងដែរ ។លោកនាយករងសាខាក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំរៀនសូត្រ ជៀសអោយឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍អោយខ្ចាប់ខ្ជួន ចូលរួមថែរក្សាអនាម័យនិងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ ជួយកិច្ចការផ្ទះ ការងារសង្គមបន្ទាប់ពីការសិក្សា រៀនសូត្រ ដើម្បីអោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងក្លាយជាយុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរ។