សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បើកវគ្គបណ្តុះ បណ្តាលជាមូលដ្ឋាន ដល់ទីប្រឹក្សាយុវជន និងយុវជន

សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បន្តបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន ដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហម ប្រចាំវិទ្យាល័យ អណ្តូងមាស!
បន្ទាប់ពីបានធ្វើបច្ចុប្បន្នភាពយុវជនកាកបាទក្រហមតាមសាលាគោលដៅ ចំនួន ៤ សាលា ក្នុងឆ្នាំសិក្សា ២០២១-២០២២រួចមក នៅព្រឹកថ្ងៃទី ៩ ខែ មីនា ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី  បានបន្តបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន ដល់ទីប្រឹក្សាយុវជន និង យុវជនកាកបាទក្រហមកម្ពុជានៃវិទ្យាល័យអណ្តូងមាស ក្រោមវត្តមាន លោកឌឹម ណាត នាយកសាខា កក្រក.ខេត្តរតនគិរី លោក ព្រំ យីតា ប្រធានការិយាល័យអប់រំស្រុក និង លោកម៉ម បាសាក់ នាយកវិទ្យាល័យអណ្ដូងមាស ដែលមានការចូលរួមពីលោកគ្រូ អ្នកគ្រូទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា  ចំនួន ៣៥ នាក់ ស្រី ១៥ នាក់   ។
មានមតិសំណេះសំណាលបើកវគ្គនាឱកាសនោះ លោកនាយកសាខា  បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណ:កម្មាធិការសាខា   ដោយក្តីស្រលាញ់ និងក្តីនឹករលឹក ជូនដល់ប្អូនៗយុវជនកាកបាទក្រហមទាំងអស់ ដែលតែងតែលះបង់ពេលវេលាដ៏មានតម្លៃពីការសិក្សាចូលរួមចំណែកបំរើសកម្មភាពការងារមនុស្សធម៌កន្លងមកដោយស្ម័គ្រចិត្តមិនគិតពីការនឿយហត់។
លោកនាយកបានបន្តថា  ដើម្បីអោយប្អូនៗយុវជនចាស់ និងថ្មីទាំងអស់ ក្លាយយុវជនកាកបាទក្រហមដែលពោរពេញដោយសមត្ថភាពក្នុងការរួមចំណែកជាមួយសាខាក្នុងការផ្តល់សេវាកម្មមនុស្សធម៌ តាមសហគមន៍ និងសាលារៀនបានល្អ  គឺត្រូវឆ្លងកាត់វគ្គជាមូលដ្ឋាននេះ ដើម្បីអោយប្អូនបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តួនាទីរបស់យុវជនកាកបាទក្រហម ពិសេសវិជ្ជាសង្គ្រោះបឋម ។ ជាមួយគ្នានោះដែរលោកនាយកក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំរៀនសូត្រ ជៀសអោយឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍អោយខ្ចាប់ខ្ជួន ចូលរួមថែរក្សាអនាម័យនិងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ ជួយកិច្ចការផ្ទះ ការងារសង្គមបន្ទាប់ពីការសិក្សា រៀនសូត្រ ដើម្បីអោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងក្លាយជាយុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរ។
គួរញ្ជាក់ផងដែរថា ក្នុងឆ្នាំ សិក្សា២០២១-២០២២នេះ សាខាបានសហការជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្ត  និងវិទ្យាល័យគោលដៅ ធ្វើបច្ចុប្បន្នភាពយុវជនកាកបាទក្រហម សរុបចំនួន១៧១ ស្រី ៩៣ ហើយបាន បើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋានដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមបាន ២វិទ្យាល័យ គឺវិទ្យាល័យអន្តេវាសិកដ្ឋានក្រុងបានលុង និងវិទ្យាល័យហ៊ុន សែនអណ្តូងមាស យុវជនចំនួន  ៩១ ស្រី ៤៩ និងបន្តបើកវគ្គជាមូលដ្ឋាននេះ ដល់វិទ្យាល័យតេជោសែនត្រពាំងក្រហម និងវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ជាបន្តបន្ទាប់ទៀត។