សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បន្តបើកវគ្គ បណ្តុះបណ្តាល មូលដ្ឋាន ដល់ទីប្រឹក្សាយុវជន

សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បន្តបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន ដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហម ប្រចាំវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ!
សាខា កក្រក ខេត្តរតនគិរី ៖ នៅ ថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ២០២២នេះ  សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី  បានបន្តបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន ដល់ទីប្រឹក្សាយុវជន និង យុវជនកាកបាទក្រហមកម្ពុជានៃវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ក្រោមវត្តមាន លោកឌឹម ណាត នាយកសាខា កក្រក.ខេត្តរតនគិរី លោក ឡាយ ហុង នាយករងវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ដែលមានការចូលរួមពីលោកគ្រូ អ្នកគ្រូទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា  ចំនួន ៥០ នាក់ ស្រី ៣៨ នាក់   ។
មានមតិសំណេះសំណាលបើកវគ្គនាឱកាសនោះ លោកនាយកសាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណ:កម្មាធិការសាខា ដោយក្តីស្រលាញ់ និងក្តីនឹករលឹក ជូនដល់ប្អូនៗយុវជនកាកបាទក្រហមទាំងអស់ ដែលតែងតែលះបង់ពេលវេលាដ៏មានតម្លៃពីការសិក្សាចូលរួមចំណែកបំរើសកម្មភាពការងារមនុស្សធម៌កន្លងមកដោយស្ម័គ្រចិត្តមិនគិតពីការនឿយហត់។
លោកនាយកបានបន្តថា នៅក្នុងវគ្គយល់ដឹងជាមូលដ្ឋានដែលមានរយៈពេល១ថ្ងៃពេញនេះ ប្អូនៗនឹងបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម
ការងារគ្រប់គ្រង និងការពង្រឹងពង្រីកកម្លាំងយុវជន អ្នកស្ម័គ្រចិត្ត កក្រក នឹងបានស្គាល់ពីកាកបាទក្រហមកាន់តែច្បាស់ រចនាសម្ព័ន្ធកាកបាទក្រហមពីជាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន ពិសេសប្អូនៗនឹងបានស្គាល់ពីតួនាទីភារកិច្ចរបស់ខ្លួនកាន់តែច្បាស់។ បន្ទាប់ពីឆ្លងកាត់វគ្គនេះហើយ ខ្ញុំសង្ឃឹមថាប្អូនៗយុវជន ទាំងចាស់ និងថ្មីទាំងអស់ ក្លាយយុវជនកាកបាទក្រហមដែលពោរពេញដោយសមត្ថភាពក្នុងការរួមចំណែកជាមួយសាខាក្នុងការផ្តល់សេវាកម្មមនុស្សធម៌ តាមសហគមន៍ និងសាលារៀនបានល្អ ស្របតាមបណ្តុំទស្សនៈទាន “យុវជនគឺជា ចលករ និងជាភ្នាក់ងារនៃការផ្លាស់ប្តូរជាវិជ្ជមាន កំពុងនាំគ្នាធ្វើសកម្មភាព ធ្វើឱ្យបានកាន់តែច្រើនជាងមុន ធ្វើឱ្យកាន់តែល្អជាងមុន ធ្វើឱ្យកាន់តែស៊ីជម្រៅ និង ទៅឱ្យបានកាន់តែឆ្ងាយជាមុន” ។
គួរញ្ជាក់ផងដែរថា វគ្កបណ្តុះបណ្តាលជាមូលដ្ឋាននេះ  ដំណើរការយៈពេល១ ថ្ងៃ  និងបានលើកយកមេរៀនសំខាន់ៗមកបង្ហាត់បង្ហាញ និងអនុវត្តផ្ទាល់ រួមមាន ៖
១.តួនាទី និងភារកិច្ចទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា
២.ប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា
៣.វិជ្ជាសង្គ្រោះបឋម