សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បើកវគ្គបណ្តុះ បណ្តាល ប្រវត្តិចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋានស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដល់យុវជនកាកបាទក្រហមកម្ពុជាទើបជ្រើសរើសថ្មី ប្រចាំវិទ្យាល័យទូកមាស ក្រោមការដឹកនាំសម្របសម្រួលដោយលោកស្រី ឡាយ សុភ័ក្ត្រ នាយិការងសាខា ដែលមានការចូលរួមសហការពីមន្ត្រីមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត ទីប្រឹក្សាយុវជន និងមានយុវជនកាកបាទក្រហមកម្ពុជា ដោយមានយុវជនចូលរួមសរុបប្រមាណ៣២នាក់ (ស្រី២១នាក់) នៅវិទ្យាល័យទូកមាសស្ថិតក្នុងស្រុកបន្ទាយមាស ខេត្តកំពត។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីពង្រឹងនិងពង្រីកសមត្ថភាពដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាបានយល់ដឹងពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះទាំង៧ គោលនយោបាយយុវជនកាកបាទក្រហម ច្បាប់ចរាចរណ៍ផ្លូវគោក និងវិជ្ជាសង្គ្រោះបឋម ដើម្បីចូលរួមក្នុងសកម្មភាពការងារមនុស្សធម៌និងធ្វើការផ្សព្វផ្សាយបន្តទៅដល់ មិត្តភក្តិ និងសហគមន៍រៀងៗខ្លួន។
ប្រធានបទលើកយកមកបង្ហាញរួមមាន ៖
១- ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម
២- គោលការណ៍គ្រឹះទាំង៧ប្រការ
៣-ការប្រើប្រាស់បដិរូប
៤- គោលនយោបាយ និងតួនាទីយុវជនកាកបាទក្រហម
៥- វិជ្ជាសង្រ្គោះបឋម
៦- សុវត្ថិភាពចរាចរណ៍