ទីប្រឹក្សាយុវជន និង យុវជន កក្រក ជ្រើរើសថ្មី ២៦នាក់ នៃវិទ្យាល័យ ប៊ូថង អូរជុំ ទទួលវគ្គបណ្តុះបណ្តាល
ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមទើបជ្រើរើសថ្មី ចំនួន ២៦ នាក់ នៃវិទ្យាល័យ ប៊ូថង អូរជុំ ទទួលបានវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន!
សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋានដល់ទីប្រឹក្សាយុវជន និង យុវជនកាកបាទក្រហមកម្ពុជានៃវិទ្យាល័យប៊ូថងអូរជុំ ក្រោមវត្តមាន លោកស្រី ខាំ ណាវ អភិបាលរង នៃគណៈអភិបាលស្រុកអូរជុំ លោកឌឹម ណាត នាយកសាខា កក្រក.ខេត្តរតនគិរី លោក ទិត វីរ៉ា នាយកវិទ្យាល័យប៊ូថង អូរជុំ ដែលមានការចូលរួមពីលោកគ្រូ អ្នកគ្រូទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ២៦ នាក់ ស្រី ១៣ នាក់ ។
លោក ទិត វីរ៉ា បានលើកឡើងថា ក្នុងនាមលោកជាអ្នកគ្រប់គ្រងនៅវិទ្យាល័យប៊ូថង អូរជុំ នេះ លោកពិតជាមានមោទនៈភាព និងមានសេចក្តីរីករាយណាស់ ដែលវិទ្យាល័យបានបើកប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានចុះមកបង្កើតអោយមានយុវជនកាកបាទក្រហម ប្រចាំនៅវិទ្យាល័យ ដើម្បីបណ្តុះគំនិតទឹកចិត្ត និងសេចក្តីស្រលាញ់ចំពោះការងារមនុស្សធម៌ដល់ប្អូនៗសិស្សានុសិស្សដែលជាទំពាំងស្នងប្ញស្សី និងជាកម្លាំងយុវជនគំរូដល់ប្អូនៗយុវជនផ្សេងៗទៀតនៅក្នុងវិទ្យាល័យ។
ក្នុងឱកាសនោះដែរ លោក ឌឹម ណាត នាយកសាខា បានមានមតិសំណេះសំណាលផ្តាំផ្ញើជាមួយប្អូនៗ និងបានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណ:កម្មាធិការសាខា ដោយក្តីស្រលាញ់ និងក្តីនឹករលឹក ជូនដល់ប្អូនៗយុវជនកាកបាទក្រហមទាំងអស់ ដែលតែងតែលះបង់ពេលវេលាដ៏មានតម្លៃពីការសិក្សាចូលរួមចំណែកបំរើសកម្មភាពការងារមនុស្សធម៌កន្លងមកដោយស្ម័គ្រចិត្តមិនគិតពីការនឿយហត់។ លោកនាយកក៏មានមតិផ្តាំផ្ញើថា បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះទៅប្អូនៗ នឹងក្លាយជាគ្រួសារកាកបាទក្រហម ជាអ្នកជួយការពារផលប្រយោជន៍កាកបាទក្រហម ពិសេសអាចចូលរួមគ្រប់សកម្មភាពការងារមនុស្សធម៌ ក្នុងវិស័យអាទិភាពទាំងបួនរបស់កាកបាទក្រហម រួមមានៈ ការឆ្លើយតបគ្រោះមហន្តរាយ វិបត្តភ័យ និង បម្រែបម្រួលអាកាសធាតុ, ការងាសុខភាព និងការថែទាំសុខភាពសហគមន៍, ការងារលើកកម្ពស់គោលការណ៍គ្រឹះ និងតំលៃមនុស្សធ៌ម, និងការងារអភិវឌ្ឍន៍ស្ថាប័ន និងធនធាន។
មានមតិសំណេះសំណាលបើកវគ្គនាឱកាសនោះ លោកស្រី ខាំ ណាវ អភិបាលរងស្រុកអូរជុំ បានផ្តាំផ្ញើដល់ប្អូនៗអោយប្រឹងប្រែង យកចិត្តទុកដាក់ ចូលរួមអោយបានគ្រប់គ្នានៅក្នុងវគ្គយល់ដឹងជាមូលដ្ឋានដែលមានរយៈពេល១ថ្ងៃពេញនេះ ប្អូនៗនឹងបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម ការងារគ្រប់គ្រង និងការពង្រឹងពង្រីកកម្លាំងយុវជន អ្នកស្ម័គ្រចិត្ត កក្រក នឹងបានស្គាល់ពីកាកបាទក្រហមកាន់តែច្បាស់ រចនាសម្ព័ន្ធកាកបាទក្រហមពីជាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន ពិសេសប្អូនៗនឹងបានស្គាល់ពីតួនាទីភារកិច្ចរបស់ខ្លួនកាន់តែច្បាស់។ ហើយបន្ទាប់ពីឆ្លងកាត់វគ្គនេះហើយ ខ្ញុំសង្ឃឹមថាប្អូនៗយុវជនទើបបង្កើថ្មីទាំងអស់នេះ ក្លាយយុវជនកាកបាទក្រហមដែលពោរពេញដោយសមត្ថភាពក្នុងការរួមចំណែកជាមួយសាខាក្នុងការផ្តល់សេវាកម្មមនុស្សធម៌ តាមសហគមន៍ និងសាលារៀនបានល្អ ស្របតាមបណ្តុំទស្សនៈទាន “យុវជនគឺជា ចលករ និងជាភ្នាក់ងារនៃការផ្លាស់ប្តូរជាវិជ្ជមាន កំពុងនាំគ្នាធ្វើសកម្មភាព ធ្វើឱ្យបានកាន់តែច្រើនជាងមុន ធ្វើឱ្យកាន់តែល្អជាងមុន ធ្វើឱ្យកាន់តែស៊ីជម្រៅ និង ទៅឱ្យបានកាន់តែឆ្ងាយជាមុន” ។
គួរញ្ជាក់ផងដែរថា វគ្កបណ្តុះបណ្តាលជាមូលដ្ឋាននេះ ដំណើរការយៈពេល១ ថ្ងៃ និងបានលើកយកមេរៀនសំខាន់ៗមកបង្ហាត់បង្ហាញ និងអនុវត្តផ្ទាល់ រួមមាន ៖
១.តួនាទី និងភារកិច្ចទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា
២.ប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា
៣.វិជ្ជាសង្គ្រោះបឋម ។