លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា កក្រក រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព នាពិធីបិទវគ្គ
លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដែលបានដំណើរការអស់រយៈពេល១ថ្ងៃ ជូនដល់ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស ចំនួន១០០នាក់(ស្រី៦៣នាក់) នៅវិទ្យាល័យអនុវត្ត ។
នាឱកាសបិទវគ្គនោះ លោក ជិន ប៊ុនធឿន បានពាំនាំនូវប្រសាសន៍របស់ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូទីប្រឹក្សា ក្មួយៗយុវជន និងសិស្សានុសិស្សទាំងអស់ ព្រមទាំងសូមកោតសរសេីរវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបញ្ចប់វគ្គនាថ្ងៃនេះ ។ លោកបានបន្តថា ការបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាននេះគឺ ដើម្បីផ្តល់ចំណេះដឹងជាមូលដ្ឋានក្នុងការក្លាយខ្លួនជាយុវជនកាកបាទក្រហមពេញលក្ខណៈ ជាពិសេសបណ្តុះគំនិតទឹកចិត្ត និងសេចក្តីស្រលាញ់ចំពោះការងារមនុស្សធម៌ដល់ក្មួយៗយុវជនទាំងអស់ដែលជាទំពាំងស្នងប្ញស្សី និងជាអ្នកបន្តវេនសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត ។ មុននឹងប្រកាសបិទវគ្គ លោកនាយកប្រតិបត្តិសាខា សង្ឃឹម និងជឿជាក់ថា សង្ឃឹមថា ក្មួយៗយុវជនទាំងអស់ នឹងយកចំណេះដឹងនេះទៅផ្សព្វផ្សាយបន្ត ក៏ដូចជាអនុវត្តក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ផ្តល់សេវាកម្មមនុស្សធម៌ សំដៅជួយសម្រាលនូវការលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះ ដោយប្រការផ្សេងៗ ។
សូមបញ្ជាក់ថា៖ សម្រាប់មេរៀនដែលយកមកបង្ហាត់បង្ហាញរួមមាន ៖
១.ប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា
២.គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ
៣.សុវត្ថិភាពចរាចរណ៍ផ្លូវគោក
៤.តួនាទី និងភារកិច្ចទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា
៥.វិជ្ជាសង្គ្រោះបឋម ៕