សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បើកវគ្គ បណ្តុះបណ្តាល ជាមូលដ្ឋាន និង បំពាក់ឯកសណ្ឋាន

សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី  បានបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន និងបំពាក់ឯកសណ្ឋានដល់ទីប្រឹក្សាយុវជន និង យុវជនកាកបាទក្រហមកម្ពុជាទើបជ្រើសរើសថ្មីនៃវិទ្យាល័យបរកែវ ក្រោមវត្តមាន លោកស្រី ឡាំ ប៉ាប៉ាក អភិបាលរង នៃគណៈអភិបាលស្រុកបរកែវ  លោកឌឹម ណាត នាយកសាខា កក្រក.ខេត្តរតនគិរី លោកស្រី មៀច ច័ន្ទឡាយហេង នាយិកាវិទ្យាល័យបរកែវ ដែលមានការចូលរួមពីលោកគ្រូ អ្នកគ្រូទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា  ចំនួន ២៦ នាក់ ស្រី  ១៦ នាក់   ។
 
លោកស្រី មៀច ច័ន្ទឡាយហេង បានលើកឡើងថា ក្នុងនាមលោកស្រីជាអ្នកគ្រប់គ្រងនៅវិទ្យាល័យបរកែវ នេះ លោកពិតជាមានមោទនៈភាព និងមានសេចក្តីរីករាយណាស់ ដែលវិទ្យាល័យបានបើកប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានចុះមកបង្កើតអោយមានយុវជនកាកបាទក្រហម ប្រចាំនៅវិទ្យាល័យ   ដើម្បីបណ្តុះគំនិតទឹកចិត្ត និងសេចក្តីស្រលាញ់ចំពោះការងារមនុស្សធម៌ដល់ប្អូនៗសិស្សានុសិស្សដែលជាទំពាំងស្នងប្ញស្សី និងជាកម្លាំងយុវជនគំរូដល់ប្អូនៗយុវជនផ្សេងៗទៀតនៅក្នុងវិទ្យាល័យ។
 
ក្នុងឱកាសនោះដែរ លោក ឌឹម ណាត នាយកសាខា  បានមានមតិសំណេះសំណាលផ្តាំផ្ញើជាមួយប្អូនៗ  និងបានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណ:កម្មាធិការសាខា ដោយក្តីស្រលាញ់ និងក្តីនឹករលឹក ជូនដល់ប្អូនៗយុវជនកាកបាទក្រហមទាំងអស់ ដែលតែងតែលះបង់ពេលវេលាដ៏មានតម្លៃពីការសិក្សាចូលរួមចំណែកបំរើសកម្មភាពការងារមនុស្សធម៌កន្លងមកដោយស្ម័គ្រចិត្តមិនគិតពីការនឿយហត់។ លោកនាយកក៏មានមតិផ្តាំផ្ញើថា បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះទៅប្អូនៗ នឹងក្លាយជាគ្រួសារកាកបាទក្រហម ជាអ្នកជួយការពារផលប្រយោជន៍កាកបាទក្រហម ពិសេសអាចចូលរួមគ្រប់សកម្មភាពការងារមនុស្សធម៌ ក្នុងវិស័យអាទិភាពទាំងបួនរបស់កាកបាទក្រហម រួមមានៈ ការឆ្លើយតបគ្រោះមហន្តរាយ វិបត្តភ័យ និង បម្រែបម្រួលអាកាសធាតុ, ការងាសុខភាព និងការថែទាំសុខភាពសហគមន៍, ការងារលើកកម្ពស់គោលការណ៍គ្រឹះ និងតំលៃមនុស្សធ៌ម, និងការងារអភិវឌ្ឍន៍ស្ថាប័ន និងធនធាន។
 
មានមតិសំណេះសំណាលបើកវគ្គនាឱកាសនោះ លោកស្រី ឡាំ ប៉ាប៉ាកអភិបាលរងស្រុកបរកែវ បានផ្តាំផ្ញើដល់ប្អូនៗអោយប្រឹងប្រែង យកចិត្តទុកដាក់ ចូលរួមអោយបានគ្រប់គ្នានៅក្នុងវគ្គយល់ដឹងជាមូលដ្ឋានដែលមានរយៈពេល១ថ្ងៃពេញនេះ ប្អូនៗនឹងបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម ការងារគ្រប់គ្រង និងការពង្រឹងពង្រីកកម្លាំងយុវជន អ្នកស្ម័គ្រចិត្ត កក្រក នឹងបានស្គាល់ពីកាកបាទក្រហមកាន់តែច្បាស់ រចនាសម្ព័ន្ធកាកបាទក្រហមពីជាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន ពិសេសប្អូនៗនឹងបានស្គាល់ពីតួនាទីភារកិច្ចរបស់ខ្លួនកាន់តែច្បាស់។ ហើយបន្ទាប់ពីឆ្លងកាត់វគ្គនេះហើយ ខ្ញុំសង្ឃឹមថាប្អូនៗយុវជនទើបបង្កើថ្មីទាំងអស់នេះ ក្លាយយុវជនកាកបាទក្រហមដែលពោរពេញដោយសមត្ថភាពក្នុងការរួមចំណែកជាមួយសាខាក្នុងការផ្តល់សេវាកម្មមនុស្សធម៌ តាមសហគមន៍ និងសាលារៀនបានល្អ ស្របតាមបណ្តុំទស្សនៈទាន “យុវជនគឺជា ចលករ និងជាភ្នាក់ងារនៃការផ្លាស់ប្តូរជាវិជ្ជមាន កំពុងនាំគ្នាធ្វើសកម្មភាព ធ្វើឱ្យបានកាន់តែច្រើនជាងមុន ធ្វើឱ្យកាន់តែល្អជាងមុន ធ្វើឱ្យកាន់តែស៊ីជម្រៅ និង ទៅឱ្យបានកាន់តែឆ្ងាយជាមុន” ។
គួរញ្ជាក់ផងដែរថា វគ្កបណ្តុះបណ្តាលជាមូលដ្ឋាននេះ  ដំណើរការយៈពេល១ ថ្ងៃ  និងបានលើកយកមេរៀនសំខាន់ៗមកបង្ហាត់បង្ហាញ និងអនុវត្តផ្ទាល់ រួមមាន ៖
១.តួនាទី និងភារកិច្ចទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា
២.ប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា
៣.វិជ្ជាសង្គ្រោះបឋម  ។