ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា និង សិស្សានុសិស្ស ១០០នាក់ ទទួលវគ្គបណ្តុះបណ្តាល
នៅវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដែលបានដំណើរការអស់រយៈពេល១ថ្ងៃ ជូនដល់ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សចំនួន១០០នាក់(ស្រី៦៥នាក់) ក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា ។
មានប្រសាសន៍នាឱកាសបិទវគ្គនោះ ក្នុងនាម ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកគ្រូ អ្នកគ្រូទីប្រឹក្សា ក្មួយៗយុវជន និងសិស្សានុសិស្សទាំងអស់ ដែលបានចំណាយពេលវេលាពេញ១ថ្ងៃ ខិតខំត្រង់ត្រាប់ស្តាប់ការបង្ហាត់បង្ហាញពីគ្រូឧទ្ទេសនាមរហូតទទួលបានលទ្ធផលគួរជាទីមោទនៈ ។ លោកបានលើកឡើងថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ការជ្រើសរើសយុវជនកាបាទក្រហម គឺមិនត្រូវគិតពីបរិមាណប៉ុណ្ណោះទេ គឺត្រូវគិតពីគុណភាពផងដែរ ហើយការជ្រើសរើសទៀតសោត ត្រូវជ្រើសរើសយុវជនដែលមានអាយុចាប់ពី១៥ឆ្នាំឡើង ចេះស្តាប់ដំបូន្មានឪពុកម្តាយ លោកគ្រូអ្នកគ្រូ ដោយប្រកាន់ខ្ជាប់ជានិច្ចនូវវិន័យ ក្រមសីលធម៌ គុណធម៌ ចេះជួយធុរៈមិត្តភក្តិ ជនទីទ័លក្រ ចាស់ជរា ក៏ដូចជាចូលរួមក្នុងសកម្មភាពសង្គមមានដូចជា ការដាំដើមដើមឈើ ផ្សាព្វផ្សាយវិជ្ជាសង្គ្រោះបឋម ការអប់រំច្បាប់ចរាចរណ៍ និងអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនជាដើម ។ មុននឹងប្រកាសបិទវគ្គ លោកនាយកប្រតិបត្តិសាខា សង្ឃឹម និងជឿជាក់ថា បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះហើយ ក្មួយៗនឹងក្លាយជាយុវជនកាកបាទក្រហមកម្ពុជា ពេញលក្ខណៈ ក្នុងការដើរតួជាយុវជនគំរូ ឈានមុខ ទាំងការងារជួយសង្គ្រោះ ការងារផ្សព្វផ្សាយបន្ត និងការងារមិត្តអប់រំមិត្ត សំដៅរួមគ្នាអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនថែមទៀត ។
សម្រាប់មេរៀនដែលបានលើកយកមកបង្ហាត់បង្ហាញរួមមាន ៖
១. ប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា
២. គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ
៣. សុវត្ថិភាពចរាចរណ៍ផ្លូវគោក
៤. តួនាទី និងភារកិច្ចទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា
៥. វិជ្ជាសង្គ្រោះបឋម ៕