ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា និង សិស្សានុសិស្ស ១០០នាក់ ទទួលវគ្គបណ្តុះបណ្តាល

លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា   រាជធានីភ្នំពេញ  បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដែលបានដំណើរការអស់រយៈពេល១ថ្ងៃ  ជូនដល់ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សចំនួន១០០នាក់  (ស្រី៥៨នាក់)  នៅវិទ្យាល័យ សម្តេច ហ៊ុន សែន ប៊ុន រ៉ានី ច្បារអំពៅ  ។
 
មានប្រសាសន៍នាឱកាសបិទវគ្គនោះ ក្នុងនាម ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា  រាជធានីភ្នំពេញ  លោក ជិន ប៊ុនធឿន បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកគ្រូ អ្នកគ្រូទីប្រឹក្សា  ក្មួយៗយុវជន  និងសិស្សានុសិស្សទាំងអស់ ដែលបានចំណាយពេលវេលាពេញ១ថ្ងៃ  ខិតខំត្រង់ត្រាប់ស្តាប់ការបង្ហាត់បង្ហាញពីគ្រូឧទ្ទេសនាមរហូតទទួលបានលទ្ធផលគួរជាទីមោទនៈ  ។  លោកបានបន្តថា ការបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាននេះគឺ  ដើម្បីផ្តល់ចំណេះដឹងជាមូលដ្ឋានក្នុងការក្លាយខ្លួនជាយុវជនកាកបាទក្រហមពេញលក្ខណៈ  ជាពិសេសបណ្តុះគំនិតទឹកចិត្ត និងសេចក្តីស្រលាញ់ចំពោះការងារមនុស្សធម៌ដល់ក្មួយៗយុវជនទាំងអស់ដែលជាទំពាំងស្នងប្ញស្សី និងជាអ្នកបន្តវេនសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត  ។ មុននឹងប្រកាសបិទវគ្គ  លោកនាយកប្រតិបត្តិសាខា  សង្ឃឹម និងជឿជាក់ថា  សង្ឃឹមថា  ក្មួយៗយុវជនទាំងអស់  នឹងយកចំណេះដឹងនេះទៅផ្សព្វផ្សាយបន្ត  ក៏ដូចជាអនុវត្តក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ផ្តល់សេវាកម្មមនុស្សធម៌  សំដៅជួយសម្រាលនូវការលំបាករបស់ជនរងគ្រោះ  និងងាយរងគ្រោះ ដោយប្រការផ្សេងៗ ។
 
សម្រាប់មេរៀនដែលបានលើកយកមកបង្ហាត់បង្ហាញរួមមាន ៖
១.  ប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា
២.  គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ
៣.  សុវត្ថិភាពចរាចរណ៍ផ្លូវគោក
៤.  តួនាទី និងភារកិច្ចទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា
៥.  វិជ្ជាសង្គ្រោះបឋម  ៕