សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បើកវគ្គ បណ្តុះបណ្តាល ផ្សព្វផ្សាយ ដល់សិស្សានុសិស្ស

លោក សោម ចន្ត្រា នាយករងសាខាកាកបាទក្រហមកម្ពុជា   រាជធានីភ្នំពេញ  បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដែលបានដំណើរការអស់រយៈពេល១ថ្ងៃ  ជូនដល់ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សចំនួន៩៥នាក់(ស្រី៧០នាក់) នៅវិទ្យាល័យទួលស្វាយព្រៃ។
 
មានប្រសាសន៍នាឱកាសបិទវគ្គនោះ ក្នុងនាម ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា  រាជធានីភ្នំពេញ  លោក សោម ចន្ត្រា បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកគ្រូ អ្នកគ្រូទីប្រឹក្សា  ក្មួយៗយុវជន  និងសិស្សានុសិស្សទាំងអស់ ប្រកបដោយសេចក្តីនឹករលឹក  ។ លោកនាយករងសាខា  សូមសម្តែងនូវការកោតសរសើរវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបញ្ចប់វគ្គនាថ្ងៃនេះ  របស់ក្មួយៗទាំងអស់ ក្នុងការក្លាយខ្លួនជាយុវជនកាកបាទក្រហមកម្ពុជា  ពេញលក្ខណៈ  សំដៅដើរតួជាយុវជនគំរូ ឈានមុខ ទាំងការងារជួយសង្គ្រោះ  ការងារផ្សព្វផ្សាយបន្ត  និងការងារមិត្តអប់រំមិត្ត  ក្នុងការរួមគ្នាលើកកម្ពស់កំលាំងមនុស្សធម៌ឱ្យបានកាន់តែសកម្មខ្លាំងក្លាថែមទៀត  ។
 
សូមបញ្ជាក់ថា៖  សាខាកាកបាទក្រហមកម្ពុជា  រាជធានីភ្នំពេញ ដែលមានឯកឧត្តម ឃួង ស្រេង ជាប្រធានគណៈកម្មាធិការសាខា  បាន បើក  និងបន្តបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាននេះ ជូនដល់តាមសាលាទាំង៣៩ក្នុងរាជធានីភ្នំពេញ ដោយមានគោលបំណងដើម្បីពង្រឹង  និងពង្រីកកម្លាំងមនុស្សធម៌  ក្នុងនោះឱ្យយុវជនកាកបាទក្រហមយើង  បានយល់ដឹងស៊ីម្រៅពីចលនាកាកបាទក្រហម  តួនាទីភារកិច្ចរបស់ខ្លួន និងវិជ្ជាសង្គ្រោះបឋម ដែលជាមុខវិជ្ជាមួយអាចជួយសង្គ្រោះ  ឫកាត់បន្ថយការឈឺចាប់របស់ជនរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗបាន មុនឡានពេទ្យ ឫក្រុមគ្រូពេទ្យមកដល់ ជាពិសេសការសង្គ្រោះក្នុងបរិបទជំងឺកូវីដ១៩ ៕