ប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា និង សិស្សានុសិស្ស ចំនួន៤៦នាក់ ទទួលវគ្គផ្សព្វផ្សាយ

សាខាកាកបាទក្រហមកម្ពុជា  រាជធានីភ្នំពេញ  បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដែលបានដំណើរការអស់រយៈពេល១ថ្ងៃ  ជូនដល់ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សចំនួន៤៦នាក់(ស្រី២៨នាក់) ក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា  នៅវិទ្យាល័យព្រែកលៀប ។
 
នាឱកាសបិទវគ្គនោះ លោក ជិន ប៊ុនធឿន បានពាំនាំនូវប្រសាសន៍របស់ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា  រាជធានីភ្នំពេញ  ជាពិសេសប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូទីប្រឹក្សា  ក្មួយៗយុវជន  និងសិស្សានុសិស្សទាំងអស់ ព្រមទាំងសូមកោតសរសើរវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបញ្ចប់វគ្គនាថ្ងៃនេះ  ។  លោកបានបន្តថា ការបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាននេះគឺ  ដើម្បីផ្តល់ចំណេះដឹងជាមូលដ្ឋានក្នុងការក្លាយខ្លួនជាយុវជនកាកបាទក្រហមពេញលក្ខណៈ  ជាពិសេសបណ្តុះគំនិតទឹកចិត្ត និងសេចក្តីស្រលាញ់ចំពោះការងារមនុស្សធម៌ដល់ក្មួយៗយុវជនទាំងអស់ដែលជាទំពាំងស្នងប្ញស្សី និងជាអ្នកបន្តវេនសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត  ។   លោកនាយកប្រតិបត្តិសាខា  ក៏បានលើកឡើងថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ការជ្រើសរើសយុវជនកាបាទក្រហម គឺមិនត្រូវគិតពីបរិមាណប៉ុណ្ណោះទេ  គឺត្រូវគិតពីគុណភាពផងដែរ ហើយការជ្រើសរើសទៀតសោត ត្រូវជ្រើសរើសយុវជនដែលមានអាយុចាប់ពី១៥ឆ្នាំឡើង ចេះស្តាប់ដំបូន្មានឪពុកម្តាយ  លោកគ្រូអ្នកគ្រូ ដោយប្រកាន់ខ្ជាប់ជានិច្ចនូវវិន័យ ក្រមសីលធម៌ គុណធម៌ ចេះជួយធុរៈមិត្តភក្តិ  ជនទីទ័លក្រ ចាស់ជរា ក៏ដូចជាចូលរួមក្នុងសកម្មភាពសង្គមមានដូចជា ការដាំដើមដើមឈើ ផ្សាព្វផ្សាយវិជ្ជាសង្គ្រោះបឋម ការអប់រំច្បាប់ចរាចរណ៍ និងអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនជាដើម  ។ ល។
 
សម្រាប់មេរៀនដែលបានលើកយកមកបង្ហាត់បង្ហាញរួមមាន ៖
១.  ប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា
២.  គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ
៣.  សុវត្ថិភាពចរាចរណ៍ផ្លូវគោក
៤.  តួនាទី និងភារកិច្ចទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា
៥.  វិជ្ជាសង្គ្រោះបឋម  ៕