សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បន្តបើកវគ្ក បណ្តុះបណ្តាលជាមូលដ្ឋាន ដល់ទីប្រឹក្សាយុវជន

សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បន្តបើកវគ្កបណ្តុះបណ្តាលជាមូលដ្ឋាន ដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមដែលទើបជ្រើសរើសថ្មី ចំនួន២៦ នាក់ នៅវិទ្យាល័យ សោមធំ ស្រុកអូរយ៉ាដាវ!
 
ខេត្តរតនគិរី ៖ នៅ ថ្ងៃទី ១ ខែ មិថុនា  ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន និងបំពាក់ឯកសណ្ឋានដល់ទីប្រឹក្សាយុវជន និង យុវជនកាកបាទក្រហមកម្ពុជាទើបជ្រើសរើសថ្មីនៃវិទ្យាល័យសោមធំ  ក្រោមវត្តមាន លោកស្រី កុយ កុសល  អភិបាលរង នៃគណៈអភិបាលស្រុកអូរយ៉ាដាវ លោកឌឹម ណាត នាយកសាខា កក្រក.ខេត្តរតនគិរី លោក ដន ភារិទ្ធ  នាយករង វិទ្យាល័យសោមធំ  ដែលមានការចូលរួមពីលោកគ្រូ អ្នកគ្រូទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ២៦នាក់ ស្រី ២៣ នាក់ ។
 
ក្នុងឱកាសនោះដែរ លោក ឌឹម ណាត នាយកសាខា បានមានមតិសំណេះសំណាលផ្តាំផ្ញើជាមួយប្អូនៗ និងបានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណ:កម្មាធិការសាខា ដោយក្តីស្រលាញ់ និងក្តីនឹករលឹក ជូនដល់ប្អូនៗយុវជនកាកបាទក្រហមទាំងអស់ ដែលតែងតែលះបង់ពេលវេលាដ៏មានតម្លៃពីការសិក្សាចូលរួមចំណែកបំរើសកម្មភាពការងារមនុស្សធម៌កន្លងមកដោយស្ម័គ្រចិត្តមិនគិតពីការនឿយហត់។ លោកនាយកក៏មានមតិផ្តាំផ្ញើថា បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះទៅប្អូនៗ នឹងក្លាយជាគ្រួសារកាកបាទក្រហម ជាអ្នកជួយការពារផលប្រយោជន៍កាកបាទក្រហម ពិសេសអាចចូលរួមគ្រប់សកម្មភាពការងារមនុស្សធម៌ ក្នុងវិស័យអាទិភាពទាំងបួនរបស់កាកបាទក្រហម រួមមានៈ ការឆ្លើយតបគ្រោះមហន្តរាយ វិបត្តភ័យ និង បម្រែបម្រួលអាកាសធាតុ, ការងាសុខភាព និងការថែទាំសុខភាពសហគមន៍, ការងារលើកកម្ពស់គោលការណ៍គ្រឹះ និងតំលៃមនុស្សធ៌ម, និងការងារអភិវឌ្ឍន៍ស្ថាប័ន និងធនធាន។
 
មានមតិសំណេះសំណាលបើកវគ្គនាឱកាសនោះ លោកស្រី កុយ កុសល ក្នុងនាម លោកម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវ បានថ្លែងអំណរគុណ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលមាន ឯកឧត្តម ញ៉ែម សំអឿន ជាប្រធាន ដែលបាន ចាត់ក្រុមប្រតិបត្តិសាខា ចុះមកបង្កើតអោយមានយុវជនកាកបាទក្រហម ប្រចាំនៅវិទ្យាល័យសោមធំ ដើម្បីបណ្តុះគំនិតទឹកចិត្ត និងសេចក្តីស្រលាញ់ចំពោះការងារមនុស្សធម៌ដល់ប្អូនៗសិស្សានុសិស្សដែលជាទំពាំងស្នងប្ញស្សី នៅក្នុងវិទ្យាល័យស្រុកអូរយ៉ាដាវនាពេលនេះ។ លោកស្រី  ក៏បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូទីប្រឹក្សា ប្អូនៗយុវជនទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះ ពេញ១ថ្ងៃនេះ ត្រូវយកចិត្តទុកដាក់ ចូលរួមអនុវត្តមេរៀនអោយបានច្រើន តាមការបង្ហាត់បង្ហាញរបស់លោកគ្រូឧទ្ទេស ដើម្បីយកចំណេះដឹងជាមូលដ្ឋាននេះ  ទៅប្រើប្រាស់តាមការដែលប្រើបាន តាមសាលារៀន តាមគ្រួសារ និងតាមសហគមន៍ផងដែរ។ ខ្ញុំមានសង្ឃឹម និងជឿជាក់ថា ប្អូនៗយុវជនទាំងអស់ នឹងខិតខំត្រង់ត្រាប់ស្តាប់ការបង្ហាត់បង្ហាញពីគ្រូឧទ្ទេស ទទួលបានលទ្ធផលគួរជាទីមោទនៈ ហើយនឹងយកចំណេះដឹងនេះទៅផ្សព្វផ្សាយបន្ត ក៏ដូចជាអនុវត្តក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ផ្តល់សេវាកម្មមនុស្សធម៌ សំដៅជួយសម្រាលនូវការលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះ ដោយប្រការផ្សេងៗ។
 
គួរញ្ជាក់ផងដែរថា សម្រាប់វគ្កបណ្តុះបណ្តាលជាមូលដ្ឋាននេះ ដែលបានដំណើរការយៈពេល១ ថ្ងៃ បានលើកយកមេរៀនសំខាន់ៗមកបង្ហាត់បង្ហាញ និងអនុវត្តផ្ទាល់ រួមមាន ៖
១.តួនាទី និងភារកិច្ចទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា
២.ប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា
៣.វិជ្ជាសង្គ្រោះបឋម ។