លោក ជិន ប៊ុនធឿន នាយកប្រិតិបត្តិ សាខាកាកបាទ ក្រហមកម្ពុជា រាជធានីភ្នំពេញ អញ្ជើញបិទវគ្គ

លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា   រាជធានីភ្នំពេញ  បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដែលបានដំណើរការអស់រយៈពេល១ថ្ងៃ  ជូនដល់ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សចំនួន៥០នាក់(ស្រី៣០នាក់) នៅវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំរោង ។
 
មានប្រសាសន៍នាឱកាសបិទវគ្គនោះ ក្នុងនាម ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា  រាជធានីភ្នំពេញ  លោក ជិន ប៊ុនធឿន បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកគ្រូ អ្នកគ្រូទីប្រឹក្សា  ក្មួយៗយុវជន  និងសិស្សានុសិស្សទាំងអស់ ដែលបានចំណាយពេលវេលាពេញ១ថ្ងៃ  ខិតខំត្រង់ត្រាប់ស្តាប់ការបង្ហាត់បង្ហាញពីគ្រូឧទ្ទេសនាមរហូតទទួលបានលទ្ធផលគួរជាទីមោទនៈ  ។  លោកបានជម្រាបពីគោលបំណងនៃការបេីកវគ្គបណ្តុះបណ្តាលនេះ  គឺដើម្បីពង្រឹង  និងពង្រីកកម្លាំងមនុស្សធម៌  ក្នុងនោះឱ្យយុវជនកាកបាទក្រហមយើង  បានយល់ដឹងស៊ីជម្រៅពីចលនាកាកបាទក្រហម  តួនាទីភារកិច្ចរបស់ខ្លួន និងវិជ្ជាសង្គ្រោះបឋម ដែលជាមុខវិជ្ជាមួយអាចជួយសង្គ្រោះ  ឫកាត់បន្ថយការឈឺចាប់របស់ជនរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗបាន មុនឡានពេទ្យ ឫក្រុមគ្រូពេទ្យមកដល់ ជាពិសេសការសង្គ្រោះក្នុងបរិបទជំងឺកូវីដ១៩ ។  មុននឹងប្រកាសបិទវគ្គ  លោកនាយកប្រតិបត្តិសាខា  សង្ឃឹម និងជឿជាក់ថា  បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះហេីយ  ក្មួយៗនឹងក្លាយជាយុវជនកាកបាទក្រហមកម្ពុជា  ពេញលក្ខណៈ  ក្នុងការដើរតួជាយុវជនគំរូ ឈានមុខ ទាំងការងារជួយសង្គ្រោះ  ការងារផ្សព្វផ្សាយបន្ត  និងការងារមិត្តអប់រំមិត្ត  សំដៅរួមគ្នាអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនថែមទៀត  ។
 
សូមបញ្ជាក់ថា៖  សម្រាប់មេរៀនដែលយកមកបង្ហាត់បង្ហាញរួមមាន ៖
១.ប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា
២.គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ
៣.សុវត្ថិភាពចរាចរណ៍ផ្លូវគោក
៤.តួនាទី និងភារកិច្ចទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា
៥.វិជ្ជាសង្គ្រោះបឋម  ៕