ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សា របស់ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២២នេះ នៅថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យថ្នាក់ដឹកនាំ និងមន្ត្រីកាកបាទក្រហមកម្ពុជាចំនួន ៦ក្រុម ធ្វើជាតំណាង អញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធប្បដិមា និងនាំយកទេយ្យវត្ថុ-បច្ច័យ ថ្វាយ និងប្រគេន សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាទាំង ២គណៈ សម្តេចព្រះសង្ឃ និងព្រះសង្ឃ គង់នៅវត្តចំនួន១៣ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។
ទីអារាមព្រះពុទ្ធសាសនាទាំង១៣ ដែលទទួលបានទេយ្យទាន សម្ភារៈបរិក្ខារ និងបច្ច័យជាសទ្ធាជ្រះថ្លា របស់កាកបាទក្រហមកម្ពុជា នាថ្ងៃអភិមង្គលដ៏វិសេសវិសាលនេះ រួមមាន ៖
១. វត្តឧណ្ណាលោម ស្ថិតនៅរាជធានីភ្នំពេញ ដែលសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃគណមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជានុញ្ញាតដល់គណៈប្រតិភូដឹកនាំដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយទេយ្យវត្ថុ។
២. វត្តបុទុមវតីរាជវរារាម (គណៈធម្មយុត្តិកនិកាយ) ស្ថិតនៅរាជធានីភ្នំពេញ ដែលសម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជានុញ្ញាតដល់គណៈប្រតិភូដឹកនាំដោយ លោកជំទាវ ពេជ សោភ័ន សមាជិកាបម្រុងគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយទេយ្យវត្ថុ។
៣. វត្តបុទុមវតីរាជវរារាម (គណៈមហានិកាយ) ស្ថិតនៅរាជធានីភ្នំពេញ ដែលសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃគណៈមហានិកាយ និងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាអគ្គលេខាធិការរង ថេរសភានៃពុទ្ធសាសនា បានប្រោសព្រះរាជានុញ្ញាតដល់គណៈប្រតិភូដឹកនាំដោយ លោកជំទាវ ពេជ សោភ័ន ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយទេយ្យវត្ថុ។
៤. វត្តមុន្នីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតនៅរាជធានីភ្នំពេញ ដែលសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃគណៈមហានិកាយ និងជាព្រះប្រធានថេរសភានៃពុទ្ធសាសនា បានព្រះអនុញ្ញាតដល់គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ចូលថ្វាយបង្គំ និងប្រគេនទេយ្យវត្ថុ។
៥. វត្តព្រះឥន្ទ្រសាមគ្គីធម៌ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល ដែលសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ ព្រះមេគណគណធម្មយុត្តិកនិកាយខេត្តកណ្តាល បានព្រះអនុញ្ញាតដល់គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ចូលថ្វាយបង្គំ និងប្រគេនទេយ្យវត្ថុ។
៦. វត្តចន្ទបុរីវង្ស ស្ថិតនៅរាជធានីភ្នំពេញ ដែលសម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃគណៈមហានិកាយ និងជាព្រះអនុប្រធានអចិន្ត្រៃយ៍ថេរសភានៃពុទ្ធសាសនា បានព្រះអនុញ្ញាតដល់គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ ចូលថ្វាយបង្គំ និងប្រគេនទេយ្យវត្ថុ។
៧. វត្តមុនីប្រសិទ្ធីវង្ស ស្ថិតនៅរាជធានីភ្នំពេញ ដែលសម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ នៃគណៈមហានិកាយ ព្រះអនុប្រធាន និងជាអគ្គលេខាធិការថេរសភានៃពុទ្ធសាសនា បានព្រះអនុញ្ញាតដល់គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ ចូលថ្វាយបង្គំ និងប្រគេនទេយ្យវត្ថុ។
៨. វត្តមហានន្ទិយនេរញ្ចរារាមនិវេទ (ហៅវត្តព្រែកប្រាំង) ខេត្តកណ្តាល ដែលសម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ នន្ទិយោ ព្រះអនុប្រធានថេរសភានៃពុទ្ធសាសនា បានព្រះអនុញ្ញាតដល់គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកជំទាវ ហួន ចន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង និងលោកជំទាវ សោម សេរីយ៍វឌ្ឍន៍ នាយិកានាយកដ្ឋានធនធានមនុស្ស ចូលថ្វាយបង្គំ និងប្រគេនទេយ្យវត្ថុ។
៩. វត្តស្រះចក ស្ថិតនៅរាជធានីភ្នំពេញ ដែលសម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភានៃពុទ្ធសាសនា បានព្រះអនុញ្ញាតដល់គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកជំទាវ ពុំ ចន្ទីនី ចូលថ្វាយបង្គំ និងប្រគេនទេយ្យវត្ថុ។
១០. វត្តមង្គលវ័ន (ហៅវត្តស្វាយដង្គំ) ស្ថិតនៅរាជធានីភ្នំពេញ ដែលសម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា អគ្គលេខាធិការរងថេរសភានៃពុទ្ធសាសនា បានព្រះអនុញ្ញាតដល់គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ចូលថ្វាយបង្គំ និងប្រគេនទេយ្យវត្ថុ។
១១. វត្តសុវណ្ណវារី (ហៅវត្តព្រែកតាទែន) ស្ថិតនៅខេត្តកណ្តាល ដែលសម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភានៃពុទ្ធសាសនា ព្រះមេគណខេត្តកណ្តាល បានព្រះអនុញ្ញាតដល់គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកជំទាវ ហួន ចន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង និងលោកជំទាវ សោម សេរីយ៍វឌ្ឍន៍ នាយិកានាយកដ្ឋានធនធានមនុស្ស ចូលថ្វាយបង្គំ និងប្រគេនទេយ្យវត្ថុ។
១២. វត្តសុវណ្ណមុនីសាគរ សំរោងអណ្ដែត ស្ថិតនៅរាជធានីភ្នំពេញ ដែលសម្តេចព្រះសាក្យមុនី កិត្តិបណ្ឌិត ទស្សនវិជ្ជា រ័ត្ន សារឿន សមាជិកថេរសភានៃពុទ្ធសាសនា បានព្រះអនុញ្ញាតដល់គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកជំទាវ ពុំ ចន្ទីនី ចូលថ្វាយបង្គំ និងប្រគេនទេយ្យវត្ថុ។
១៣. វត្តលង្កាព្រះកុសុមារាម ស្ថិតនៅរាជធានីភ្នំពេញ ដែលព្រះបវរសត្ថា ហួរ សារិទ្ធិ ព្រះគ្រូសូធ្យស្តាំ ព្រះតំណាង សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមទីប្រឹក្សាគណៈមហានិកាយ និងជាព្រះអនុប្រធានថេរសភានៃពុទ្ធសាសនា បានព្រះអនុញ្ញាតដល់គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកជំទាវ ពេជ សោភ័ន ចូលថ្វាយបង្គំ និងប្រគេនទេយ្យវត្ថុ។
សូមបញ្ជាក់ថា ៖ ទេយ្យវត្ថុដែលប្រគេនវត្តនីមួយៗ រួមមាន អង្ករ ២តោន, មី ៣០កេស, ត្រីខ ៣កេស, ស្ករស ២៥គីឡូក្រាម, តែ ៥គីឡូក្រាម, ទឹកដោះគោខាប់ ១កេស, កាហ្វេកញ្ចប់ ២កេស, អូរវ៉ាន់ទីន ២កេស, ទឹកក្រូច និងទឹកផ្លែឈើ ១០កេស, ទឹកបរិសុទ្ធ ១០កេស, ផ្លែឈើស្រស់ ២កន្ត្រក, និងបច្ច័យចំនួន ១០លានរៀល។ ដោយឡែកចំពោះ សម្តេច ព្រះមហាសង្ឃរាជទាំងពីរគណៈ, សម្តេចព្រះសង្ឃនាយក, សម្តេចព្រះសង្ឃនាយករង, សម្តេចព្រះមហាត្ថេរ និងព្រះរាជាគណៈសរុបចំនួន១៤ព្រះអង្គ ក្នុង១ព្រះអង្គៗ បវរណាថ្វាយ-ប្រគេននូវ សាដក១, ចង្ហាន់១ស្រាក់, បង្អែម១ កាតូ និងបច្ច័យចំនួន១លានរៀល។ ប្រគេនព្រះសង្ឃគង់អមទាំង១៣វត្ត សរុប៥១អង្គទៀត ក្នុង១អង្គៗ សាដក១, ចង្ហាន់១ស្រាក់, បង្អែម ១កាតូ និងបច្ច័យ២០ម៉ឺនរៀល៕